រាជធានីភ្នំពេញ ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង២ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹក កាយប្រឡាយអមវិថីឈ្នះឈ្នះ ចំនួន៣៧ទីតាំង ដែលរងការរំលោភបំពានចាក់ដីលប់ និងដាក់លូតូចៗ ដែលបណ្តាលឲ្យស្ទះទឹក ពេលភ្លៀងធ្លាក់យ៉ាងគំហុក និងហូរចាក់បន្ថែមមកពីស្រុកអង្គស្នូល ខេត្តកណ្តាល និងកំពង់ស្ពឺ ហើយមួយចំណែកទៀត ធ្វើឲ្យកើតមានជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤ផងដែរ។


បញ្ជានេះបានធ្វើឡើង ក្នុងឱកាសចុះទៅពិនិត្យស្ថានភាពជាក់ស្តែងជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល បែកខាងលិចរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០។ លោក ឃួង ស្រេង ក៏បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ពោធិ៏សែនជ័យ និងខណ្ឌកំបូល ចុះទៅពិនិត្យ ជាក់ស្តែងនៅទីតាំង ដែលទទួលរងការ លិចខ្លាំងដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ដោយណែនាំអោយយកគ្រឿងចក្រកាយបើកមុខទឹក ២កន្លែង អមផ្លូវរថភ្លើង ដើម្បីនាំទឹកទៅប្រឡាយត្រពាំងក្រសាំងធ្លាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ។


ជាវិធានការដោះស្រាយរំដោះជំនន់ទឹកភ្លៀងនេះដែរ លោកអភិបាលក៏ បានប្រាប់ ទៅអាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវពិនិត្យមើលការរំលោភចំណីប្រឡាយនៅផ្លូវឆេកូ ក្នុងខណ្ឌពោធិសែនជ័យ ដែលមាន ទទឹង៥០ម៉ែត្រនោះ ត្រូវឲ្យប្រជាពល រដ្ឋរុះរើសំណង់ដែលរំលោភនោះចេញឲ្យអស់ ដើម្បីរក្សាស្ថានភាពប្រឡាយដូចដើមវិញ។ អាជ្ញាធរត្រូវតាមដានពីស្ថានភាពនេះជាប់ជាប្រចាំ ធ្វើយ៉ាងណាចាត់វិធាន ការឲ្យបានទាន់ពេលវេលា ហើយក៏សូមឲ្យប្រជាពល រដ្ឋ មានការយោគយល់ទៅលើផលប៉ះពាល់ ដោយ សារតែការជន់លិចដោយជំនន់ទឹកភ្លៀងនេះដែរ។

សូមបញ្ជាក់ថា៖ មានកត្តា៣សំខាន់ៗ ដែលធ្វើឲ្យភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំងដោយ សារជំនន់ទឹកភ្លៀង គឺបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់ ១០៥mm ក្នុងមួយវិនាទី, ផ្ទៃរងទឹកភ្លៀងដែលធ្លាប់តែ ទទួលចែករំលែកទឹកទៅតាមអូរ ប្រឡាយ ឬវាលស្រែនានា ត្រូវបានអភិវឌ្ឍន៍ទៅជាសំណង់លំនៅដ្ឋាន និងមួយ ចំណែកទៀត មានការចាក់ដីរំលោភប្រឡាយពីប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យទឹកខ្វះប្រភពដែលត្រូវហូរទៅធ្វើឲ្យចាល់ទឹក មិនអាចហូរទៅណាបានក៏បណ្តាល លិច ភូមិសាស្ត្រខាងលើនេះតែម្តង៕

មតិរបស់អ្នក