ប្រាសាទបាយ័ន (អតីតរាជធានីជ័យគិរី) មានទីតាំងស្ថិតនៅ ចំកណ្ដាល ទីក្រុងអង្គរធំ ដែល មាន ចម្ងាយ ទៅកាន់ខ្លោងទ្វារ នីមួយៗ គឺ ១.៥ គ.ម ត្រូវ បាន គេ ចាត់ ទុក ជា ប្រាសាទ រាជ្យ សម្រាប់ឧទ្ទិស ដល់ ព្រះបាទជ័យវរ្ម័នទី ៧ (១១៨១-១២១៨) និង សម្រាប់ ឧទ្ទិសដល់ ព្រះពុទ្ធសាសនាមហាយាន។

ប្រាសាទនេះ មាន បរិវេណទំហំ ៣២,១៤៨ ម៉ែត្រការេ សង់លើខឿនបីជាន់ ដែល មានកម្ពស់ ខុសៗគ្នា ហើយ ពីខឿនខាងក្រោម បង្អស់ ឆ្ពោះទៅចុង កំពូល កណ្ដាល មាន កម្ពស់ ប្រមាណ ៤២ ម៉ែត្រ។

មានការយល់ឃើញខុសៗគ្នា ពី អត្ថន័យ នៃមុខ ទាំង ៤ របស់កំពូលនីមួយៗដូចខាងក្រោម៖

១. មតិដែល យល់ថាជាព្រះភក្ត្ររបស់ព្រះពោធិសត្វ៖ ព្រះបាទជ័យវរ្ម័នទី ៧ មានជំនឿយ៉ាងមុតមាំ ទៅលើព្រះពុទ្ធសាសនាមហាយាន ហើយ បានគោរព បូជាចំពោះព្រះពោធិសត្វ ” អវលោកេស្វរៈ “។ បើកក្រលេក មើលទៅកំពូលប្រាសាទ គេឃើញព្រះភក្ត្រ នីមួយៗ របស់ព្រះពោធិសត្វ ហាក់កំពុង ចោលព្រះនេត្រ ទតមើល ពីទេវលោក ឆ្ពោះមកស្ថានមនុស្សលោក ដើម្បី រង់ចាំជួយដោះទុក្ខ សត្វលោក ទាំងឡាយ ដែល បានបន់ស្រន់ ឲ្យព្រះអង្គជួយ។

២. មតិដែល យល់ថាជាព្រះភក្ត្រ របស់ព្រះបាទជ័យវរ្ម័នទី ៧ ហើយ ក៏ជា តំណាងឲ្យព្រហ្មវិហារធម៌ទាំង ៤ គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែល ព្រះអង្គរមែងប្រកាន់ខ្ជាប់ ជានិច្ចចំពោះ សុខទុក្ខរបស់ប្រជារាស្ត្រ ដូចមាន សិលាចារឹក មួយបានចារថា ” សេចក្ដីទុក្ខវេទនារបស់ប្រជារាស្ត្រ បានធ្វើឲ្យព្រះរាជា ឈឺចាប់ទ្វេដងជាងនោះទៅទៀត “។ (មគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគ២)

គួរបញ្ជាក់ថា ប្រាសាទបាយ័នជាប្រាសាទដែល បងប្អូនខ្មែរយើង ក៏ដូចជាទេសចរបរទេស កម្រនឹងរំលងណាស់ព្រោះប្រាសាទនេះ ស្ថិតនៅជិតប្រាសាទអង្គរវត្តស្រាប់ ហើយទំហំធំមហិមា ព្រមទាំងមានចម្លាក់អំពីជីវភាពប្រជារាស្ត្រខ្មែរសម័យមហានគរ និង ជាកន្លែងដែល ពេញនិយមសម្រាប់ទេសចរថតរូប ” ច្រមុះទល់ច្រមុះ ” ថែមទៀតផង។

បច្ចុប្បន្ន ប្រាសាទនេះកំពុងស្ថិតនៅ ក្រោម ការជួសជុល នៅផ្នែកជ្រុងឦសាននៃប្រាសាទ និង ជាន់ខាងលើ នៃប្រាសាទក៏កំពុងបិទជាបណ្ដោះអាសន្នដើម្បីទទួល ការជួសជុលផងដែរ។

មតិរបស់អ្នក