(កៀវ)៖ ប្រមុខអង្គការណាតូ (NATO) លោក ជេន ស្ដូលធិនប៊ឺគ (Jens Stoltenberg) នៅថ្ងៃអាទិត្យនេះបាននិយាយថាសង្រ្គាមនៅក្នុងប្រទេស អ៊ុយក្រែន អាចនឹងអូសបន្លាយពេលច្រើនឆ្នាំ ខណៈរុស្ស៉ីកាន់តែបង្កើនការវាយលុករឹតតែខ្លាំង បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍ថា ទីក្រុងកៀវគួរតែទទួលបាន «ឋានៈបេក្ខភាព» ដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២។


ការកត់សម្គាល់ខាងលើរបស់លោក ជេន ស្ដូលធិនប៊ឺគ ត្រូវបានដកស្រង់សម្ដីចុះផ្សាយដោយកាសែតអាល្លឺម៉ង់ បៀល អាំ ហ្សុនថាគ (Bild am Sonntag) ហើយបើតាមប្រមុខណាតូរូបនេះ ការបង្កើនការផ្គត់ផ្គង់អាវុធ ឱ្យអ៊ុយក្រែនអាចនឹងផ្ដល់ឱកាសឱ្យទាហានអ៊ុយក្រែនរំដោះតំបន់ដុនបាស់ ពីកណ្ដាប់ដៃរុស្ស៉ី ទាំងស្រុង។ លោក ស្ដូលធិនប៊ឺគ បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែត្រៀមខ្លួនចំពោះមុខការពិតដែលថាសង្រ្គាមនេះអាចនឹងអូសបន្លាយពេលច្រើនឆ្នាំ ហើយយើងមិនត្រូវបន្ធូរបន្ថយការគាំទ្រចំពោះអ៊ុយក្រែនោះទេ បើទោះជាទំនិញ ថាមពល និងចំណីអាហារកំពុងឡើងថ្លៃក៏ដោយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅនេះ គណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍ថា អ៊ុយក្រែនគួរតែទទួលបាន «ឋានៈបេក្ខភាព» ដើម្បីក្លាយសមាជិក សហភាពអឺរ៉ុប ស្របពេលដែលប្លុកអឺរ៉ុបមួយនេះគ្រោងនឹងពិភាក្សា និងធ្វើការសម្រេចលើបញ្ហានេះនៅថ្ងៃទី២៣ និង២៤ ខែមិថុនាសប្ដាហ៍ក្រោយនេះ៕

មតិរបស់អ្នក