(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី៧ ខែមិថុនានេះ បានដឹកនាំមន្ត្រី អាជ្ញាធរពាក់ព័ន្ធ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ បង្វឹក និងក្រុមកីឡាករបាល់ទះ របស់ក្លឹបស្នងការនគរបាលខេត្តកែបចំនួន១១រូប មុននឹងធ្វើដំណើរចេញទៅប្រកួត យកពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។


ពិធីនេះមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប, លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ, លោក លោកស្រី អភិបាលក្រុងស្រុក លោកឧត្ដមសេនីយ៍ត្រី តំណាង តំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមកីឡាករជាច្រើនរូប។
ក្នុងឱកាសនោះលោក សោម ពិសិដ្ឋ បានថ្លែងថា ការបង្កើតនូវក្លឹបកីឡាខេត្ដកែប ជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង និងទស្សនៈវិស័យវែងឆ្ងាយ ក្នុងការរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជា ឲ្យមានសន្ទុះ និងទទួលបានគុណភាព សុខភាព មិត្តភាព និងការផ្សព្វផ្សាយអំពីវប្បធម៌នៃការស្រឡាញ់ពេញចិត្ដលើកីឡាគ្រប់ប្រភេទ។
ទន្ទឹមនេះលោកអភិបាលខេត្ត ក៏សង្ឃឹមដែរថា កីឡាករទាំងអស់ និងគោរពទៅការវិនិច្ឆ័យរបស់គណ:កម្មការកីឡា ដោយភាពត្រឹមត្រូវ និងត្រូវយកជ័យជំនះក្នុងការប្រកួតជូនខេត្តកែបរបស់យើងអោយបាន។ ជាមួយគ្នា លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន ជូនដល់កីឡាករនៃក្លឹបស្នងការនគរបាលខេត្តកែប ចំនួន ៥,០០០,០០០៛ ផងដែរ៕

មតិរបស់អ្នក