(រីយ៉ូ)៖ អាជ្ញាប្រចាំតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា ភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានប្រទេសប្រេស៊ីល បាននាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៧៩នាក់ និងមនុស្សរាប់សិបនាក់បាត់ខ្លួន ខណៈដែលក្រុមជួយសង្រ្គោះ កំពុងខិតខំស្វែងរក អ្នកដែលនៅរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបារំាង ហ្រ្វង់ ២៤ (France 24) នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។
អាជ្ញាធររដ្ឋ ផឺណាំប៊ូកូ (Pernambuco) បានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃអាទិត្យ ទី២៩ ខែឧសភា ចំនួនមនុស្សស្លាប់ដោយសារតែ ជំនន់ទឹកភ្លៀងនិងគ្រោះបំណាក់ដី បានកើនដល់៧៩នាក់។ ដោយឡែក មិនការធ្វើបច្ចុប្បន្នភាពចំពោះតួលេខអ្នកបាត់ខ្លួននោះទេ ខណៈតូលេខចុងក្រោយគឺ៥៦នាក់ ហើយមនុស្សជិត ៤,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។
អភិបាលរដ្ឋ ផឺណាំប៊ូកូ (Pernambuco) លោក ផាវឡូ កាម៉ារ៉ា (Paulo Camara) បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «យើងនៅតែមិនទាន់មានតួលេខជាក់លាក់នៅឡើយទេ ប៉ុន្តែនៅតែបន្តមានសេចក្តីរាយការណ៍អំពី អ្នកដែលបាត់ខ្លួន។ ការស្វែងរកនឹងបន្ត រហូតដល់យើងអាចកំណត់អត្តសញ្ញាណរបស់ អ្នកបាត់ខ្លួនទាំងអស់»។
គួរបញ្ជាក់ថា ចន្លោះពេលប្រមាណជា៥ខែមកនេះ ព្រឹត្តិការណ៍គ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ បង្កឡើងពីភ្លៀងធ្លាក់ខ្លាំង យ៉ាងហោចចំនួន៥លើក បានកើតឡើងនៅប្រេស៉ីល ដែលបានផ្តាច់ជីវិតមនុស្សសរុបរាប់រយនាក់។ ដោយឡែក បើតាមការព្យាករ អាជ្ញាធរបានព្រមានថា ភ្លៀងនឹងបន្តធ្លាក់ នៅប៉ុន្មានថ្ងៃខាងមុខទៀត៕

មតិរបស់អ្នក