ខេត្តបន្ទាយមានជ័យ ៖ កម្លាំងយោធា និងមន្ត្រីគយថៃ បានឃាត់រថយន្តដឹកទំនិញបញ្ជើពីប្រទេសថៃចូលមកកម្ពុជា ហើយក៏ស្រាប់តែរកឃើញគ្រា.ប់កាំភ្លើងម៉ាក CCI.22WMR ចំនួន២.០០០គ្រាប់នៅក្នុងទឹកដីថៃតែម្តង ហេតុការណ៍នេះបានកើតឡើងកាលពីនៅវេលាម៉ោង២និង៣០នាទីរសៀល នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅចំណុចច្រកតាប្រាយ៉ាឈមច្រកបឹងត្រកួន ស្រុកថ្មពួក។


បើតាមលោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានប្រាប់ឱ្យថា ទាហានឈុតខ្មៅថៃ សហការជាមួយទាហានប៉ារ៉ា និងមន្ត្រីគយថៃ បានឃាត់រថយន្ត១គ្រឿងដែលដឹកទំនិញបញ្ជើពីប្រទេសថៃចូលមកកម្ពុជា ដោយបម្រុងចូលតាមច្រកបឹងត្រកួន ស្រុកថ្មពួក ហើយក៏ត្រូវបានឃាត់ធ្វើការឆែកឆេរ ស្រាប់តែរកឃើញគ្រា.ប់កាំភ្លើងប្រភេទម៉ាក CCI.22WMR ចំនួន២.០០០គ្រាប់ នៅក្នុងទឹកដីថៃចំណុចច្រកតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។


លោកបានបញ្ជាក់ថា រថយន្ត១គ្រឿងដែលត្រូវបានកម្លាំងចម្រុះថៃ ឃាត់ធ្វើការឆែកឆេរ ហើយរកឃើញគ្រា.ប់កាំភ្លើងចំនួន២.០០០គ្រាប់នោះ ត្រូវបានដឹកតាមរថយន្តដឹកទំនិញថៃដែលជារថយន្តរបស់ក្រុមហ៊ុនដឹកអីវ៉ាន់បញ្ជើក្រុមហ៊ុន អនសឺវីសត្រែនស្ប៉តចំកាត់ (ថៃ) ហើយក៏ជាដៃគូសហការជាមួយក្រុមហ៊ុន បងអូនទេសចរណ៍ទំនើប (កម្ពុជា) ដែលមានសេវាកម្ម ឬទទួលបញ្ជើគ្រប់ប្រភេទទៅមករវាងកម្ពុជា-ថៃ ។ ហើយរថយន្តដែលឃាត់នេះ គឺបានវេចខ្ចប់ដាក់គ្រា.ប់កាំភ្លើងក្នុងកេស និងមានលេខទូរស័ព្ទទទួលខាងកម្ពុជា ដែលមានលេខ០៩៧ ៧៤២ ១៤២២ ដែលបម្រុងនាំចូលមកកម្ពុជាតាមច្រកបឹងត្រកួន ស្រុកថ្មពួក។


លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ថា ក្រោយពីកម្លាំងចម្រុះភាគីថៃ បានឃាត់រថយន្តក្រុមហ៊ុនដឹកជញ្ជូនទំនិញបញ្ជើរពីប្រទេសថៃមកកម្ពុជា និងធ្វើការឆែកឆេររកឃើញគ្រាប់កាំភ្លើងចំនួន២.០០០គ្រាប់ ដែលបម្រុងនាំចូលមកកម្ពុជា តាមច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនោះ ត្រូវបានកម្លាំងចម្រុះភាគីថៃនាំយករថយន្តនោះទៅអធិការដ្ឋាននគរបាលស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តន៍តាមច្បាប់ហើយ៕

មតិរបស់អ្នក