ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកកាមរីពណ៌សមួយគ្រឿងពាក់ស្លាកលេខនគរបាល បិទឡូហ្គោ POLICE បញ្ច្រាស់ផ្លូវក្នុងល្បឿនលឿនជ្រុលទៅបុកកន្លែងលក់គុយទាវនិងទ្វារផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតសំភារៈលក់ដូររាយប៉ាយពេញផ្លូវ និងរងរបួសបុរសពីរនាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ខែមករា ឆ្នាំ ២០២២ នៅចំណុច ជាប់ស្តុបលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកកាមរីពណ៌សមួយគ្រឿងពាក់ស្លាកលេខនគរបាល2-3882 បិទហ្គោឡូ POLICE ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងលូប្រាំ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនលុះមកដល់កែងនឹងផ្លូវវ៉េងស្រេងបានបត់ស្ដាំដៃបួងចង្កូតមិនទាន់មកបញ្ច្រាសផ្លូវជ្រុលទៅបុកកន្លែងលក់គុយទាវនិងទ្វារផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតនិងខូចសម្ភារៈលក់ដូររាយប៉ាយពេញផ្លូវ នឹងបណ្ដាលឲ្យបុរសពីរនាក់ជាអ្នកលក់ដូររងរបួសរលាកទឹកក្តៅយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា ក្រោយមកខាងភាគីរថយន្តបង្កបានធ្វើការសម្រុះសម្រួលជាមួយអ្នកលក់ដូរគុយទាវនិងផ្ទះប្រជាពលរដ្ឋដើម្បីប្រញាប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិរបស់អ្នក