ភ្នំពេញ: យុវជនម្នាក់បែកក្បាលនិងបាក់កស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូចេញពីកម្មវិធីមិត្តភក្កិ ត្រូវរថយន្តឡិចស៊ីសមិនចាំស្លាកលេខបើកបុកចំពីមុខពេញទំហឹង រួចបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៤៥ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ៣១៧ ខាងក្រោយខារ៉ាអូខេបេស្តារ ឋិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះឡាត់ វិសាល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ អាសយដ្ឋានស្នាក់នៅ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូ ម៉ាកzoomer x មួយគ្រឿងពណ៌ខ្មៅលាយទឹកក្រូចពាក់ស្លាកលេខភ្នំពេញ1DF-4733 ធ្វើដំណើរតាមបណ្តោយផ្លូវ ៣១៧ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាក ឡិចសុីស ពណ៌ខ្មៅមិនចាំស្លាកលេខធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះខ្ទាតធ្លាក់ចេញពីលើម៉ូតូបោកផ្ទប់ទៅនឹងថ្នល់បែកក្បាលនិងបាក់កស្លាប់នៅនឹងកន្លែងកើតហេតុភ្លាម។ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកបំណែករថយន្តខ្លះនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុរួចធ្វើកំណត់ហេតុប្រគល់ម៉ូតូនិងសពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិរបស់អ្នក