ភ្នំពេញ: រថយន្តសាំយ៉ុងមួយគ្រឿងបើកលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបRolls Royce ពីចំហៀងបណ្ដាលឲ្យវៀចកង់ក្រោយម្ខាង រួចបើករត់គេចខ្លួនបាត់បន្សល់ទុកស្លាកលេខនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង ៤០ នាទីយប់អធ្រាត្រឈានចូលថ្ងៃទី ២១ ខែមករាឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបដីអិន តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២១៥ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកRolls Royce ពណ៌ខ្មៅរលោងថ្មីស្រឡាងមួយគ្រឿងគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៥ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចស្តុបបែកជាបួន កន្លែងកើតហេតុខាងលើ ក៏មានរថយន្តសាំយ៉ុងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BJ-0208ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតជ្រុលបុករថយន្តRolls Royce ពីចំហៀងផ្នែកខាងឆ្វេងខាងក្រោយពេញទំហឹងបណ្ដាលឲ្យវៀចកង់ខាងក្រោយម្ខាង ទៅមុខលែងរួច ចំណែករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបាត់ដោយបន្សល់ទុកស្លាកលេខនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ ក្រោយមកម្ចាស់រថយន្តបានប្រាប់សមត្ថកិច្ច សូមយករថយន្តទៅជួសជុលដោយខ្លួនឯង ចំណែកស្លាកលេខរថយន្តបង្ក ត្រូវបានរងគ្រោះយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាពដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរករថយន្តបង្កយកមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិរបស់អ្នក