(ភូកេត, ថៃ)៖ ខេត្តភូកេត ប្រទេសថៃ ជាខេត្តជាប់ឆ្នេរសមុទ្រដ៏មានសក្តានុពលផ្នែកទេសចរណ៍មួយរបស់ប្រទេសថៃ។ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសថៃ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចុះទៅទស្សនកិច្ចសិក្សាពីការអភិវឌ្ឍ និងការស្តារវិស័យទេសចរណ៍ក្នុងខេត្តមួយនេះ ក្រោយវិបត្តិរាតត្បាតជំងឺកូវីដ១៩។


ក្នុងដំណើរចុះទៅសិក្សាពីការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តដ៏មានសក្តានុពលទេសចរណ៍របស់ថៃនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ត្រូវបានអញ្ជើញទៅកាន់កន្លែងកម្សាន្ត (Resort) ធំៗ ដែលត្រូវបានគេអភិវឌ្ឍឡើងជាប់នឹងឆ្នេរសមុទ្រ ហើយមានភាពច្នៃប្រឌិតខ្ពស់សម្រាប់ការស្នាក់នៅ និងលេងកម្សាន្តរបស់អ្នកទេសចរប្រកបដោយភាពទាក់ទាញ។ លោក សុក្រឹត្យា ក៏បានជួបជជែកស្វែងយល់ពីផែនការ និងយុទ្ធសាស្ត្រមួយចំនួនរបស់ម្ចាស់កន្លែងកម្សាន្តធំៗទាំងនោះ ដើម្បីស្វាគមន៍ និងបដិសណ្ឋារកិច្ចអ្នកទេសចរចូលទៅកម្សាន្តប្រទេសថៃ ក្រោយវិបត្តិជំងឺកូវីដ១៩។


ក្នុងឱកាសនោះលោក សុខ សុក្រឹត្យា ក៏បានលើកបង្ហាញអ្នកធ្វើធុរកិច្ចលើវិស័យទេសចរណ៍របស់ថៃផងដែរ ពីសក្តានុពលតំបន់ទេសចរណ៍នៅកម្ពុជា ដែលមានសម្បូរបែបទាំងទេសចរណ៍វប្បធម៌ ទេសចរណ៍តំបន់ឆ្នេរ និងអេកូទេសចរណ៍។ លោក សុខ សុក្រឹត្យា ក៏បានលើកបង្ហាញនូវយុទ្ធសាស្ត្រ និងគោលនយោបាយមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងទាក់ទាញអ្នកទេសចរណ៍ចូលមកកាន់កម្ពុជា។


ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ បានជម្រាបដល់អ្នកធ្វើធុរកិច្ចលើវិស័យទេសចរណ៍របស់ថៃថា វាជាឱកាសដ៏ល្អមួយប្រសិនបើពួកគេចាប់អារម្មណ៍ ហើយចូលរួមធ្វើធុរកិច្ច ឬវិនិយោគលើវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ លោក សុក្រឹត្យា ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគលើវិស័យទេសចរណ៍របស់ថៃ អញ្ជើញទស្សនកិច្ចនៅកម្ពុជា និងស្វែងរកឱកាសសម្រាប់វិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។


ក្នុងឱកាសអញ្ជើញចុះសិក្សាពីសក្តានុពល និងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តភូកេតនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏ត្រូវបានអញ្ជើញចូលរួមការរៀបចំពិធីអបអរសាទរឆ្លងឆ្នាំសកល តាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃផងដែរ។


កម្មវិធីឆ្លងឆ្នាំនោះ ត្រូវបានគេរៀបចំធ្វើឡើងយ៉ាងធំអស្ចារ្យ ដើម្បីស្វាគមន៍ដល់ភ្ញៀវទេសចរ ដែលបានទៅសម្រាកលំហែកាយនៅតំបន់កម្សាន្តនានា នៅតំបន់ឆ្នេរក្នុងខេត្តភូកេត។ កម្មវិធីអបអរសាទរឆ្លងឆ្នាំសកលនេះ ត្រូវបានគេឱ្យឈ្មោះថា «Amazing Thailand Countdown 2022, Amazing New Chapters @Phuket» ដែលមានការចូលរួមប្រគុំតន្ត្រីខ្នាតអន្តរជាតិពីក្រុម Opera Music ដ៏ល្បីមួយនៅប្រទេសអ៉ីតាលីរបស់លោក Andrea Bocelli និងមានការបាញ់កាំជ្រួចអបអរដ៏អស្ចារ្យចំនួន ២០,០០០ដើមផងដែរ៕

មតិរបស់អ្នក