ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានព្រមានថាប្រទេសកម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្ម ព្រោះមេរោគរាតត្បាតកូវីដ-១៩ បើសិនប្រជាពលរដ្ឋមិនធ្វើទង្វើដោយទទួលខុសត្រូវ។

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការ WHO ប្រចាំកម្ពុជា បានព្រមានថា៖ «ប្រទេសកម្ពុជាស្ថិតនៅលើផ្លូវបំបែក – អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើក្នុងប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខ នឹងកំណត់ពីអនាគតរបស់យើង។ ប្រទេសជាតិត្រូវតែរួមគ្នាតែមួយឆ្ពោះទៅរកគោលដៅរួមមួយ – រួមគ្នាយើងអាចគ្រប់គ្រងការផ្ទុះឡើងនេះ។ បើសិនជាយើងមិនអាចគ្រប់គ្រងបានទេ ខ្ញុំភ័យខ្លាចចំពោះផលវិបាកទាំងនេះនឹងក្លាយជាមហន្តរាយ។
ដោយឡែកលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្លាប់សំណេរម្តងរួចមកហើយពីហានិភ័យជំងឺកូវីដ-១៩ ។

 

ខាងក្រោមនេះជាសំណេររបស់គាត់ ដែលមានខ្លឹមសារទាំងស្រុងថា៖ “សំណេររបស់លោកស្រីឱ វណ្ណឌីន ក្នុងពេលរាត្រីមុនចូលនិន្រ្ទា ! ” ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត ចោទសួររិះគិតថា ហេតុអ្វីបានជាបុគ្គលខ្លះ គាត់មិនអនុវត្តន៍បាននូវវិធានការការពារដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បើខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន ខ្ញុំប្រាកដជាធ្វើជូនពួកគាត់ តែបើខ្ញុំធ្វើគឺការពារបានតែរូបខ្ញុំ និងការពារមិនចម្លងជំងឺសាហាវនេះ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបើយើងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា យើងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។ អ្នកឆ្លងរកឃើញកើនឡើងច្រើនបង្កើតនូវការព្រួយបារម្ភដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយើងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍ និងផលរំខានដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គម។ ដូច្នេះ ខ្ញុំសូមបង្កើតពាក្យថា៖ “ ចូលឆ្នាំនៅផ្ទះ “ ឫ “New Year at Home” ជាមួយនិងការអនុវត្តវិធានការ ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លងជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វើឱ្យមានការងើបឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយេីងផងដែរ។

ខ្ញុំគោរពសូមជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា “ចូលឆ្នាំនៅផ្ទះ” មិនប៉ះកូវីដ-១៩ សុខភាពមាំមួន មានសុខសិរី ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី! សួស្តីឆ្នាំថ្មី! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យឈ្នះទាំងអស់គ្នា៕

 

មតិរបស់អ្នក