ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តស៊េរីទំនើម៉ាក Ford Ranger មួយគ្រឿងក្នុងល្បឿនលឿនហើយរេចង្កូតជ្រុលទៅបុករថយន្តកូរ៉េដឹកទូ ចតចោលនៅមុខផ្ទះបណ្តាលឲ្យរថយន្ត កូរ៉េបន្តទៅបុករុឺម៉កកង់បីនិងបង្គោលភ្លើងបន្ថែមទៀតរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ ចំណុចជិតស្តុបទួលទំពូង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញ រថយន្តកូរ៉េដឹកទូមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2-A F 2450 បានចតចោលនៅមុខផ្ទះតាមបណ្តោយផ្លូវ៤៣២ ស្រាប់តែភ្លាមៗនោះគេឃើញរថយន្តម៉ាកford Ranger មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2-BB -2270បើកបដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូ៤៣២ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនហេីយបានរ៉េចង្កូតជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េកំពុងតែចតចោលនៅមុខផ្ទះពេញទំហឹងបណ្តាលឲ្យរថយន្តកូរ៉េជ្រុលទៅបុកបង្គោលភ្លេីងបាក់មួយដើមនិងរុឺម៉កមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋានបានចុះមកដល់រួចឲ្យភាគីទាំង២សម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កមិនចង់មានរឿងវែងឆ្ងាយក៏ព្រមសងថ្លៃការជួសជុលទៅលើរថយន្តរងគ្រោះបញ្ចប់រឿងតែម្ដង ៕

មតិរបស់អ្នក