ភ្នំពេញ:អភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែកជាកំហិត បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។
អាជ្ញាធរបញ្ជាក់ថាគិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសានេះ ក្រសួងសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរ «ឌីន ហាន» ឆ្លងជំងឺកូវីដ១៩ ជិត៥០នាក់។

រោងចក្រកាត់ដេរ «ឌីន ហាន» ដែលមានកម្មករនិយោជិតចំនួនជិត៥០នាក់ឆ្លងជំងឺកូវីដ១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករទាំងនោះ ត្រូវជួយណែនាំឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃតាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុត។
នៅយប់ថ្ងៃនេះអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បាននិងយកសំណាកទៅលើបងប្អូនកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកកូវីដ១៩។
យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យ បានឲ្យដឹងថា កម្មករដែលកំពុងបម្រើការងារនៅក្នុងរោងចក្រមួយនេះមានចំនួន ២៥៦២នាក់៕

មតិរបស់អ្នក