ភ្នំពេញ៖ នារីជាកម្មការិនីរោងចក្រម្នាក់ខណៈកំពុងជិះកង់ចេញពីធ្វើការបំណងទៅផ្ទះស្រាប់តែត្រូវរថយន្តធុនធំបើកបត់មិនមើលឆ្វេងស្តាំបុកនិងកិនបណ្តាលឲ្យ ស្លា ប់ យ៉ាងអាណោចអាធ័ម ហើយរថយន្តព្យាយាមបើកគេចខ្លួនតែត្រូវប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចស្តុប ទួលពង្រ តាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង) ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះសួន សុខគា ភេទស្រីអាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានធ្វើដំណើរដោយជិះកង់ចេញពីធ្វើការនៅម្តុំផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បំណងត្រឡប់ទៅផ្ទះនៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ចាំភ្លើងស្តុបពណ៌ខៀវដែលកំពុងលោតភ្លើងក្រហម ភ្លាមនោះក៏មានរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-0985 ធ្វើដំណើរមកពីក្រោយហើយបានបត់ស្តាំទៅតាមបណ្តោយផ្លូវ៥០ម៉ែត្រទៅត្បូងដោយមិនបានមើលឆ្វេងស្តាំក៏កិនកង់និងនារីរងគ្រោះបណ្តាលឲ្យ ស្លា ប់ ភ្លាមៗនៅកន្លែងកើតហេតុ។
សាក្សីដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់បុរីឡុងនី តែត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍ដើម្បីឃុំខ្លួនបណ្តោះអាសន្ន រួចទំនាក់ទំនងទៅជំនាញមកធ្វើការវាស់វែងយករថយន្តរួមទាំងតៃកុងទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិរបស់អ្នក