ភ្នំពេញ៖ រថយន្តដឹកផ្លែឈើមួយគ្រឿងបើកចេញពីផ្សារនាគមាសបំណងទៅខេត្តបាត់ដំបង តែមិនទាន់ទៅដល់ផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ជ្រុលទៅបុករថយន្តកុងតឺន័រពីចំហៀងរួចបន្តទៅបុករបងសាលា បណ្តាលឲ្យរងការខូចខាតនិងរបួសស្រាលម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២១ នៅចំណុចស្តុបរតនាស្រីម៉ៅ តាមបណ្តោយផ្លូវលេខ២៨៩ កែងផ្លូវលេខ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តយីឌុបបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តយីឌុប ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 3A-2786 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ដែលទើបនិងចេញពីផ្សារនាគមាសបំណងដឹកផ្លែឈើទៅខេត្តបាត់ដំបង ដោយក្នុងនោះមានមនុស្សរួមដំណើរសរុប៧នាក់ ខណៈមកដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវបំបែកជាបួន ភ្លាមនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១៦ ក្នុង ទិសដៅពីលិចទៅកើតកាត់ពីមុខរថយន្តគាត់ធ្វើឱ្យគាត់ជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីចំហៀងនៃរថយន្តកុងតឺន័រពេញទំហឹង ហើយបានរេចង្កូតមកខាងស្តាំដៃបន្តបុករបងសាលារៀនមួយកន្លែងទៀត រងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុរថយន្តកុងតឺន័របានបន្តដំណើរទៅមុខបាត់ទៅ បន្សល់ទុកតែរថយន្តយីឌុបនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់រួចទំនាក់ទំនងទៅជំនាញមកធ្វើការវាស់វែងយករថយន្តខាងលើទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីរង់ចាំដោះស្រាយពេលក្រោយ៕

មតិរបស់អ្នក