ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយទើបបានបើករថយន្តកាមរីហាយប្រ៊ីដក្នុងល្បឿនយ៉ាងលឿនបោះពួយជ្រុលចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹង បណ្តាលឲ្យរបងផ្ទះរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ហើយអ្នកបើកបរនិងអ្នករួមដំណើរជាមួយក៏រងរបួសធ្ងន់ស្រាលផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចស្ពានលេខ២ តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកាមរីហាយប្រ៊ីដពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BC-0957បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយបុរសម្នាក់ទៀត ក្នុងទិសដៅពីជើងទៅត្បូងចូលក្រុងភ្នំពេញដោយបើកក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្តាលឲ្យរបងផ្ទះរងការខូចខាតយ៉ាងដំណំ។ចំណែករថយន្តខ្ទាតចេញមកកណ្តាលថ្មល់រងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង រីឯអ្នកបើកបរនិងអ្នករួមដំណើរជាមួយរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិរបស់អ្នក