(ឧត្តរមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ ពីសុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពម្ហូបអាហារ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក លិញ សុវឌ្ឍនា ប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះប្រតិបត្តិការការងារ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូអាហារ និងធ្វើការត្រួតពិនិត្យគុណភាពអាល់កុល តាមដានតម្លៃម៉ាស និងទំនិញដែលជាគ្រឿងឧបភោគ បរិភោគនៅតាមឪសថស្ថាន និងផ្ទះលក់ទំនិញនានា ដែលមានទីតាំងស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក លិញ សុវឌ្ឍនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា៖ គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ អាល់កុលក្លែងក្លាយ តាមដានការលក់តម្លើងថ្លៃម៉ាស ឬអាល់កុល និងទប់ស្កាត់ទំនិញខូចគុណភាព ដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។

លោកប្រធានសាខា បានបន្តថា៖ ក្នុងសកម្មភាពនេះ ក្រុមការងារបានត្រួតពិនិត្យ ទំនិញវេចខ្ចប់រួចជាស្រេច តាមដានតម្លៃម៉ាស អាល់កុល និងធ្វើតេស្តបឋម លើអាល់កុលបានចំនួន០៣គំរូ ជាលទ្ធផល៖
*ពុំមានការលក់តម្លើងថ្លៃម៉ាស អាល់កុល ដែលគួរឲ្យកត់សម្គាល់ឡើយ
*ពុំមានអាល់កុលក្លែងក្លាយ ចរាចរណ៍តាមទីតាំង លក់ទាំងនោះឡើយ
*បានដកហូតទំនិញ ដែលខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់បានចំនួន ១០មុខ សរុបចំនួន ២៥.៨២គីឡូក្រាម យកមករក្សាទុកនៅសាខា ដើម្បីកំទេចចោល នៅពេលក្រោយ ក្នុងនោះមាន៖
*ស្រាបៀរអង្គរ ចំនួន ១១ដប
*ស្រាបៀរ KLANG ចំនួន០៩កំប៉ុង
*ស្រាបៀរ crown ចំនួន០៣កំប៉ុង
*ភេសជ្ជៈ M150 ចំនួន២១កំប៉ុង
*ភេសជ្ជៈ TENSAI ចំនួន០៦កំប៉ុង
*ទឹកផ្លែឈើចំរុះ ចំនួន ១២ដប
*ទឹកក្រូច COCA-COLA ចំនួន០៤ដប
*នំកូនក្មេងចំរុះ ចំនួន ១៣កញ្ចប់
*គាមបួយ ០៦កែវ
*ត្រីលីងចំនួន០២កញ្ចប់។
បន្ទាប់មកក្រុមការងារបានបិទ ផ្សព្វផ្សាយ ផ្ទាំងរូបភាព (Poster) បានចំនួន ២០ផ្ទាំង និងបានពន្យល់ណែនាំដល់អាជីវករ អោយបានយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ដែលអាចប្រឈម ចំពោះមុខច្បាប់ថែមទៀតផង៕

 

មតិរបស់អ្នក