ភ្នំពេញ៖ មានអគ្គិភ័យមួយបានឆាបឆេះព្រៃកក់យ៉ាងសន្ធោរសន្ធៅនៅក្នុងដីឡូត៍មួយកន្លែងក្បែរបុរីជីបម៉ុង ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចចេញរថយន្តបង្ការពន្លត់អគ្គីភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបានឃើញភ្លើងឆេះគំនរសំរាមជាប់ផ្លូវទំនងគេដុតហើយពន្លត់មិនអស់ក្រោយមកក៏ឆេះកាន់តែខ្លាំងហើយរាលដាលធំឡើងៗ ទើបរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ ។

ក្នុងករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចជំនាញបានប្រើប្រាស់ឡានទឹកអស់ចំនួន២គ្រឿងក៏រលត់ទៅវិញជាស្ថាពរ ដោយមិនរាលដាលដល់បុរីជីបម៉ុង ឬផ្ទះបងប្អូនប្រជាពលរដ្ឋនោះទេហើយក៏មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសដែរ៕

មតិរបស់អ្នក