កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងដល់សាធារណជន ដែលមានរៀបពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការនិងការពារជំងឺកូវីដ១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។
ការចេញបម្រាមរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តកំពង់ឆ្នាំង។

 


បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងយ៉ាងដូច្នេះថា សូមលោកអភិបាលក្រុង ស្រុក និងស្ថាប័នមានសមត្ថកិច្ច ធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ និងស្ថាប័នមានសមត្ថកិច្ចឱ្យផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះតទៅ រហូតមានការជូនដំណឹងជាថ្មី ៕

មតិរបស់អ្នក