ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន២១កន្លែងឡើងវិញ (បញ្ចប់ការធ្វើចត្តាឡីស័ក) ក្រោយពីមិនមានអ្នកឆ្លងជំងឺកូវីដ-១៩នៅទីនោះបន្ថែមទៀត។ នេះបើតាមលិខិតអនុញ្ញាតដែលយើងទទួលបាននៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១នេះ។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងទាំង២១នេះ ត្រូវគោរពតាមវិធានការ ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញជាបន្ដបន្ទាប់។រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអះអាងទៀតថា ម្ចាស់ទីតាំងទាំងនោះត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកដំណើរការទីតាំងផ្សេងជាបន្ដបន្ទាប់ទៀត ក្រោយពីពិនិត្យច្បាស់ថា មិនមានអ្នកបន្ដឆ្លងជំងឺកូវីដ-១៩នៅទីនោះ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ៈ០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣២៥ នាក់ ក្នុងនោះដែរអ្នកដែលឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ សរុបចំនួន៨១០នាក់ ស្រីចំនួន៣៧៨នាក់ និងបុរស៤៣២នាក់។ អ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ-១៩ម្នាក់ និងពីរនាក់ទៀតស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕

មតិរបស់អ្នក