ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសនៅយប់ថ្ងៃទី១៣ ខែមីនានេះ ចំពោះការផ្អាកបណ្តោះអាសន្ននូវចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋ ចំនួន ០៤ឃុំ (ឃុំព្រែកខ្សាយ (ក) ឃុំព្រែកខ្សាយ (ខ) ឃុំអ្នកលឿង និងឃុំពាមរក៍) នៃស្រុកពាមរក៍ ខេត្តព្រៃវែង។

ដោយស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” នៅតែបន្តកើនឡើង រដ្ឋបាលខេត្តព្រៃវែង បានបិទចរាចរណ៍នៅទីតាំងខាងលើ បន្ទាប់ពីប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩ ដែលបានចាប់ផ្តើមកើតលើប្រជាពលរដ្ឋម្នាក់ក្នុងស្រុកពាមរក៍ និងបានបន្តទៅប្រជាពលរដ្ឋផ្សេងទៀតក្នុងស្រុកពាមរក៍ និងបណ្តាស្រុកមួយចំនួនទៀត ក្នុងខេត្តព្រៃវែង គិតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ។ ស្រុកពាមរក៍ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៦នាក់ ដែលសរុបទូទាំងក្នុងខេត្ត មានចំនួន ៤៥នាក់។

 


ការបិទចរាចរណ៍ជាបណ្ដោះអាសន្ននេះ អនុវត្តចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះតទៅ ដែលមានទីតាំង ចំនួន ០៤គោលដៅ ដូចខាងក្រោម៖
គោលដៅទី១៖ចំណុចខាងលិចរង្វង់មូលត្រីកោណគល់ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ផ្លូវជាតិលេខ១
គោលដៅទី២៖ ចំណុចផ្លូវកែងចូលភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ( ផ្លូវជាតិលេខ១១)
គោលដៅទី៣៖ ចំណុចផ្លូវចូលវត្តទួលសមាធិ ឃុំព្រែកខ្សាយ(ខ)
គោលដៅទី៤៖ ចំណុចព្រំប្រទល់ស្រុកពាមរក៍ និងស្រុកពាមជរ (ផ្លូវលេខ៣១០) ។
ចំពោះការផ្អាកចរាចរណ៍ចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ មានសភាពធូរស្រាល រដ្ឋបាលខេត្ត នឹងជូនដំណឹងពេលក្រោយ៕

មតិរបស់អ្នក