ភ្នំពេញ ៖ ភោជនីយដ្ឋាន អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានលួចលាក់បើកខារ៉ាអូខេ ផ្ទុយពីអនុសាសន៍របស់រាជរដ្ឋាភិបាល ក្នុងវិធានការការពារជំងឺកូវីដ-១៩ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យធ្វើការចុះបង្ក្រាបនិងបិតទីតាំងនេះក្នុងអំឡុងវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។

 


ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនម្ចាស់ទីតាំង នារីបំរើការងារ ព្រមទាំងភ្ញៀវសរុបចំនួន៣៥នាក់ រួចបញ្ចូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី ។
សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុន ជាករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១១២៤នាក់ ក្នុងនោះជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៤នាក់ ។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ៕

មតិរបស់អ្នក