ខេត្តកណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូ២នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលធ្វើការចាប់ខ្លួន ក្រោយពីលួចម៉ូតូគេដល់បន្ទប់ជួលបាន៣ថ្ងៃ។ ករណីចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉េត រ៉ាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ។

ចំណែកជនសង្ស័យចំនួន២នាក់៖ ទី១-ឈ្មោះ សំ ភាព ហៅទូច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល និងទី២-ឈ្មោះ រុន ពៅ ហៅហ្វុងឌី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ម៉ូតូមួយគ្រឿងម៉ាក SIRIUS ឆ្នាំ២០១៧ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ គ្មានឯកសារពន្ធនាំចូល (ជារបស់ជនរងគ្រោះ), ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១១០ ឆ្នាំ២០១២ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ១BF-១៣៨៥ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព), ម៉ូតូមួយគ្រឿងទៀតម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ឆ្នាំ២០០៤ ពាក់ស្លាកលេខកំពង់ស្ពឺ ១P-០៧២០ (ជារបស់ជនសង្ស័យ) និងទូរស័ព្ទចំនួន២គ្រឿងផងដែរ។ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះបានទុកម៉ូតូនៅមុខបន្ទប់ជួលរបស់ខ្លួន ដោយបានផ្ញើរឲ្យឈ្មោះតេង លីផេង ជួយមើលឲ្យផង ហើយក៏ចេញទៅលេងស្រុកកំណើតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ប្រភពដដែលបន្តថា លុះរហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤និង២០នាទីល្ងាច ឈ្មោះ តេង លីផេង បានតេទូរស័ព្ទសួរជនរងគ្រោះថា មានឲ្យនរណាមកយកម៉ូតូអត់ ហើយជនរងគ្រោះឆ្លើយវិញថាអត់ទេ ។ ភ្លាមៗនោះឈ្មោះ តេង លីផេង ក៏បានទៅប្រាប់ម្ចាស់ផ្ទះជួល ហើយបានឆែកកាមេរ៉ាសុវត្ថភាព ក៏បានឃើញជនសង្ស័យ២នាក់ ធ្វើសកម្មភាពកាច់.កម៉ូតូរបស់ជនរងគ្រោះយកទៅបាត់តែម្តងទៅ ។

ប្រភពដដែលបន្តទៀតថា រហូតដល់ថ្ងៃទី៣ ខែមករា ជនសង្ស័យបានជិះម៉ូតូមកឈប់នៅក្បែរចំណុចកើតហេតុ ក៏ត្រូវជនរងគ្រោះ និងសាក្សីបានឃាត់ខ្លួន ហើយក៏រាយការណ៍មកសមត្ថកិច្ចតែម្ដង។ ចំពោះករណីនេះ កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិរបស់អ្នក