(ព្រះសីហនុ)៖ មណ្ឌលអប់រំ បន្សាប និងព្យាបាលនេះគ្រោងសាងសង់លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាដីកម្មសិទ្ធិឯកជនដែលគេបរិច្ចាគជូនរដ្ឋបាលខេត្ត។

នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដីជាក់ស្តែងដើម្បីសាងសង់មណ្ឌលនេះសម្រាប់ជាកន្លែងអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន។

លោក គួច ចំរើន បានណែនាំឱ្យមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវរៀបចំប្លង់គោល ដើម្បីធ្វើការសាងសង់ ស្របតាមបច្ចេកទេស និងលក្ខខណ្ឌតម្រូវរបស់ថ្នាក់ជាតិ។

កន្លងមកនៅខេត្តព្រះសីហនុ មានមណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយដែរ។ មណ្ឌលនេះមានទីតាំង ស្ថិតក្នុងបរិវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងស្ថិតក្រោមការគ្រប់គ្រងដោយកម្លាំងអាវុធហត្ថប៉ុន្តែថ្មីៗនេះ ត្រូវបានផ្ទេរមកឱ្យរដ្ឋបាលខេត្តជាអ្នកគ្រប់គ្រងវិញ។

សម្រាប់ខេត្តព្រះសីហនុ ទន្ទឹមនឹងការរៀបចំបង្កើតមណ្ឌលបន្សាបនេះ ក៏មានមជ្ឈមណ្ឌលជាតិ អប់រំបន្សាប និងស្តារនីតិសម្បទាមួយកន្លែងផ្សេងទៀតមានទីតាំងនៅឃុំកែវផុស ស្រុកស្ទឹងហាវ។

សព្វថ្ងៃបានកំពុងដាក់ឲ្យដំណើរការសាកល្បងដំណាក់កាលដំបូងរបស់ខ្លួន៕

មតិរបស់អ្នក