(ភ្នំពេញ) ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានចាប់ខ្លួនស្ដ្រីម្នាក់ឈ្មោះ ណើ ចាន់ត្រា ជាអតីតតំណាងលក់ផលិតផល CTM (គ្រឿងសំអាង) របស់លោកស្រី ទ្រី ដាណា ពីបទឆបោក តាមពាក្យបណ្ដឹងកូនក្រុមចំនួន១២នាក់ ដោយប្រមូលលុយបានជាង១លានដុល្លារ ដែលបុគ្គលរូបនេះបានយកឈ្មោះលោកស្រី ទ្រី ដាណា ទៅឆបោកលុយកូនតំណាងបន្ដទៀត។

ការចាប់ខ្លួននេះធ្វើឡើង តាមដីការបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងបទ ឆបោក ដោយតម្រូវឲ្យចូលកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែមិនបានចូលខ្លួន។ ដីការនេះបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់កម្លាំងឃាត់ខ្លួនជាក់ស្ដែង បើនៅតែរឹងរូសមិនចូលខ្លួន។

រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យ ណើ ចាន់ត្រា ស្ថិតនៅបូរីពិភពថ្មី២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅកាន់តុលាការ។

សូមជម្រាបថា ជនសង្ស័យ ណើ ចាន់ត្រា ឆបោកប្រាក់កូនក្រុមចំនួន១២នាក់ ថវិការប្រមាណជាង១លានដុល្លារ រហូតត្រូវបានកូនក្រុមតំណាងចែកចាយប្ដឹង ទៅតុលាការនៃអយ្យការអមសាលាដំបូង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យ ណើ ចាន់ត្រា ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនដើម្បីសាកសួរនឹងបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិរបស់អ្នក