(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនខ្មាន់កាំភ្លើង និងបក្ខពួកម្នាក់ទៀត ដែលបាញ់សម្លាប់ជនរងគ្រោះ ករណីជំពាក់លុយជនរងគ្រោះ ប្រមាណ៣០ម៉ឺនដុល្លារ យកទៅដាក់ពន្ធនាគារព្រៃសរ (ម១) ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធី។ នេះបើតាមមន្ត្រីតុលាការ ថ្លែងប្រាប់បណ្តាញព័ត៌មាន CPNS News ។


ជនសង្ស័យទាំងពីរនោះ រួមមាន ឈ្មោះ សុខ ហេងសំបូរ អាយុ៣០ឆ្នាំ (អ្នកបាញ់) និងឈ្មោះ ផេង ស៉ីថុល អាយុ៤០ឆ្នាំ (ម្ចាស់កាំភ្លើង)។ការសម្រេចឃុំខ្លួនជនត្រូវចោទទាំងពីរនាក់នេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក ឡុង ជាប បានចោទពួកគេ ពីបទឃាតកម្មដោយគិតទុកជាមុន កាន់កាប់អាវុធចុសច្បាប់ និងបទចោទមួយទៀត គឺសមគំនិត តាមបញ្ញត្តិមាត្រា ២០០ មាត្រា៤៩០ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។

 


នគបាលព្រហ្មទណ្ឌខណ្ឌកំបូល នៃស្នងការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជូនខ្លួនជនសង្ស័យទាំងពីរខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៉ើបសួរ និងឈានទៅរកការចោទប្រកាន់តាមច្បាប់។ ពួកគេធ្វើសកម្មភាព ទាក់ទងនឹងករណីបាញ់សម្លាប់ឈ្មោះ នៅ ចំណាន ដោយមូលហេតុពួកខ្លួនជំពាក់ប្រាក់ជនរងគ្រោះច្រើន ហើយគ្មានលទ្ធភាពសង ទើបរៀបផែនការបាញ់សម្លាប់ជនរងគ្រោះ។

 

ខ្មាន់កាំភ្លើង និងបក្ខពួកដែលបាញ់សម្លាប់ជនរងគ្រោះនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេស ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

 


ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរងការ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែនកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្ដិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន។លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យ និងជាអ្នកនាំពាក្យនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន CPNS News ឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់សម្លាប់ឈ្មោះ នៅ ចំណាន ពិតប្រាកដមែន មូលហេតុដោយសារតែពួកខ្លួនជំពាក់ប្រាក់ជនរងគ្រោះច្រើន ហើយគ្មានលទ្ធភាពសង។ សមត្ថកិច្ចបានបង្ហើបថា ជនដៃដល់ជំពាក់លុយជនរងគ្រោះប្រមាណ ៣០ម៉ឺនដុល្លារ ដោយសរុបទាំងដើម ទាំងការ។

 


ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ចំនួន៤គ្រាប់ (ត្រូវ៣គ្រាប់) ពេលកំពុងជិះម៉ូតូម្នាក់ឯង បណ្ដាលឲ្យស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

 


ប្រភពព័ត៌មានពីមូលដ្ឋាន បានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង៕

មតិរបស់អ្នក