បានអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនប្រារព្ធនៅសាលាខេត្តប៉ៃលិន ។ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តប៉ៃលិននាឱកាសនេះ បានប្រព្រឹត្តិទៅដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុវត្ថិភាពការពារជំងឺកូវីដ១៩ រួមមានការរក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាស់, វាស់កំដៅ និងលាងដៃដោយទឹកអាល់កុល ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ត្រៀមអញ្ជើញទៅកាន់មុខតំណែងនៅក្រសួងមហាផ្ទៃបានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេច ព្រមទាំងអង្គពិធីអំពីវឌ្ឍនភាពនៃការថែរក្សាសុខសន្តិភាព ការផ្ដល់សេវាសាធារណៈ ការថែរក្សាសុវត្ថិភាពសង្គម និងការអភិវឌ្ឍន៍គ្រប់វិស័យនៅក្នុងខេត្ត ។

លោកជំទាវ បាន ស្រីមុំ អភិបាលថ្មីនៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអញ្ជើញប្ដេជ្ញាចិត្តខិតខំបំរើជាតិ និងប្រជាជនក្នុងខេត្តប៉ៃលិនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេសេសនឹងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចំរើនគ្រប់វិស័យ នៅក្នុងនឹងបរិបទថ្មីនៃការប្រឈមការរីករាលដាលជំងឺកូវីដ១៩នេះ ។

អញ្ជើញថ្លែងសុន្ទរកថា និងមតិណែនាំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តប៉ៃលិន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលខិតខំរួមគ្នាជំរុញការអភិវឌ្ឍខេត្តឲ្យសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ និងបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មិនឱ្យមានការចម្លងជំងឺនេះក្នុងសហគមន៍ នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ។

សម្ដេចក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ផាន់ ចាន់ធុល ដែលបានខិតខំសម្របសម្រួលដឹកនាំអភិវឌ្ឍន៍ ខេត្តប៉ៃលិន ឱ្យសម្រេចបានសមិទ្ធផលនានាជាច្រើន និងបានចូលរួមដោះស្រាយ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងពេលដែលឯកឧត្តមកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន នាពេលកន្លងមក ។

ជាមួយគ្នានេះ សម្ដេចក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវ បាន ស្រីមុំ ដែលត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិននាពេលនេះ និងសង្ឃឹមជឿជាក់ថាលោកជំទាវអភិបាលខេត្តថ្មីនឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីរួមគ្នាបន្តអភិវឌ្ឍខេត្តប៉ៃលិនឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

សម្ដេចបានស្នើក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ផ្តល់ការគាំទ្រដល់លោកជំទាវ បាន ស្រីមុំ ដើម្បីបន្តរួមគ្នាថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍខេត្តប៉ៃលិនឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍គូសបញ្ជាក់អំពីភាពចាំបាច់នៃការប្រមូលផ្ដុំកម្លាំងផ្ដោតលើកិច្ចការអាទិភាពមួយចំនួន ដូចជា ការបន្តថែរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, អំពីការផ្តល់សេវាសាធារណៈ និងការបន្តអនុវត្តវិធានការនានាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់នានា បណ្តាលមកពីវិបត្តិនៃជំងឺនេះ។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្ដេចឧបនាយករដ្ឋមន្រ្តីបានរំលឹកជូនអង្គពិធីអំពីករណីឆ្លងជំងឺកូវីដ១៩ក្នុងកម្រិតសហគមន៍នៅខេត្តសាមុតសាខនប្រទេសថៃជាង៥០០ករណីក្នុងមួយថ្ងៃដែលជាករណីកើនឡើងដ៏គំហុក និងកំពុងបន្តឆ្លងក្នុងសហគមន៍នៅទីក្រុងបាងកក និងបានមានប្រសាសន៍ថាខេត្តប៉ៃលិនដែលជាប់ព្រំដែនត្រូវយកចិត្តទុកដាក់ខ្ពស់តាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។

មុននឹងបញ្ចប់សម្ដេចបានមានប្រសាសន៍បន្ថែមអំពីការពង្រឹងរបៀបរបបការងារដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដោយសម្ដេចបានណែនាំឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនការប្រាស្រ័យទាក់ទង ពង្រឹងរបៀបរបបធ្វើការងារ និងរួមសហការគ្នាក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យបានល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

សម្ដេចក៏បានណែនាំឱ្យថ្នាក់ដឹកនាំខេត្ត បន្តពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងខិតខំបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្រ្តី នៅតាមអង្គភាពនីមួយៗ និងបែងចែកប្រគល់ភារកិច្ចដល់មន្រ្តីរាជការគ្រប់ៗរូបឱ្យស្របតាមសមត្ថភាព មុខជំនាញ និងស្របតាមតួនាទី ភារកិច្ចនៃអង្គភាពដែលមន្រ្តីទាំងនោះកំពុងបំពេញការងារ សំដៅរួមគ្នា លើកកម្ពស់ប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចនៃអង្គភាពនីមួយៗ ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ៕

មតិរបស់អ្នក