(បាងកក)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ថៃបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ដល់ទៅជាង៥០០ករណី ក្នុងចំណោមពលករចំណាកស្រុក នៅឯខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីទីក្រុងបាងកក ខណៈវាជាចំនួនករណីឆ្លងដ៏ច្រើនបំផុតដែលត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹម១ថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។

អាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃប្រទេសថៃបានឲ្យដឹងថា ករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៥១៦ករណីត្រូវបានរកឃើញ ក្រោយពីការធ្វើតេស្តដែលរួមមានទាំងពលករចំណាកស្រុកចំនួន ១,១៩២នាក់។ ករណីថ្មីៗទាំងនេះ គឺជាប់ពាក់ព័ន្ធជាមួយនឹងករណីឆ្លងក្នុងសហគមន៍៤ករណី ដែលត្រូវបានរកឃើញនៅផ្សារលក់បង្គារមួយកន្លែងក្នុងខេត្ត Samut Sakhon កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយករណីដំបូងបំផុតជាស្រ្តីវ័យ៦៧ឆ្នាំម្នាក់ ដែលជាអ្នកលក់នៅក្នុងផ្សារ។

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរាលដាលនៅកាន់ខេត្តដទៃៗទៀតនៃប្រទេសថៃ ខេត្ត Samut Sakhon ត្រូវបានបង្គាប់ឲ្យបិទការចេញ-ចូល រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ និងត្រូវស្ថិតក្រោមការអនុវត្តបម្រាមគោចរ ចន្លោះម៉ោង១០យប់ដល់៥ព្រឹក។ ភាគច្រើននៃពលករចំណាកស្រុកនៅខេត្ត Samut Sakhon គឺមកពីប្រទេសមីយ៉ាន់ម៉ា។ ដោយឡែកសរុបមកទល់ឥឡូវ ថៃបានរកឃើញករណីឆ្លងសរុបនៃជំងឺ COVID-19 កើនដល់ច្រើនជាង ៤,៨០០នាក់ ក្នុងនោះស្លាប់៦០នាក់៕

មតិរបស់អ្នក