រាជធានីភ្នំពេញ ៖ បុរសម្នាក់បាននាំប្រពន្ធកូនចាកចេញពីផ្ទះនៅខេត្តកំពង់ស្ពឺ មកភ្នំពេញ ដើម្បីរកការងារធ្វើ ប៉ុន្តែមិនទាន់រកបានផង ក៏មានទំនាស់ជាមួយប្រពន្ធ រួចក៏ដើរចេញពីប្រពន្ធទៅផឹកស្រារហូតស្រវឹងវង្វេងស្មារតី បន្ទាប់មកក៏បានលូនចូលទៅក្នុងលូទឹក ក្រោយមកក៏បានជាប់នៅក្នុងលូនោះ ហើយត្រូវបានអ្នកលក់គ្រឿងសមុទ្រប្រទះឃើញ បង្កការភ្ញាក់ផ្អើល និងបានរាយការណ៍ជូនអាជ្ញាធរសង្កាត់ដង្កោ រួមជាមួយកម្លាំង នគរបាលប៉ុស្តិ៍ដង្កោនិងកម្លាំងប្រជាការពារ ចុះទៅសហការជាមួយប្រជាពលរដ្ឋបាននាំគ្នាជួយសង្គ្រោះទាញយកបុរសម្នាក់នោះចេញដោយសុវត្ថិភាព។ គួររំលឹកថា មិនដឹងថា បុរសនេះជាប់នៅក្នុងលូតាំងពីពេលណាមកប៉ុន្តែអ្វីដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺនៅពេលភ្លាមៗនោះបុរសនេះបានស្រែកប្រាប់សមត្ថកិច្ចថា ខ្លួនជាប់នៅក្នុងលូនោះរយៈពេល៧ថ្ងៃកន្លងមកហើយ និងមានមនុស្សចំនួន៣នាក់ទៀតជាប់ក្នុងលូជាមួយខ្លួនដែរ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រមាណ៤០ឆ្នាំ រស់នៅក្នុងខេត្តកំពង់ស្ពឺ មានប្រពន្ធនិងកូនស្រីតូច២នាក់ ហើយប្រពន្ធក៏បាននាំយកត្រឡប់ទៅផ្ទះវិញ ចំណែកអាជ្ញាធរនិងនគរបាលប៉ុស្តិ៍ពុំបានសាកសួរធ្វើរបាយការណ៍ទេ ទើបពុំបានស្គាល់ឈ្មោះ ។ ម្យ៉ាងទៀតពុំមាននរណាបានឃើញនិងដឹងថា បុរសរូបនោះបានលូនចូលទៅក្នុងលូបង្ហូរទឹកតាមច្រកណានិងរបៀបណានោះទេ ព្រោះប្រហោងគម្របលូនោះតូច ហើយបុរសរូបនោះបានលូកដៃតាមប្រហោងគម្របអណ្ដូងលូដែលបែកនោះចេញមកក្រៅ ហើយត្រូវបានអ្នកលក់គ្រឿងសមុទ្រក្បែរនោះប្រទះឃើញ។

តាមប្រភពព័ត៌មានបានបន្តថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ហើយអ្នកលក់គ្រឿងសមុទ្របានរាយការណ៍ជូនអាជ្ញាធរនិងនគរបាលប៉ុស្តិ៍ដង្កោឲ្យជួយអន្តរាគមន៍ភ្លាមៗ ហើយក្រោយពេលទទួលបានដំណឹងនោះអាជ្ញាធរនិងនគរបាលប៉ុស្តិ៍ដង្កោ រួមជាមួយកម្លាំងប្រជាការពារបានទៅកាន់ទីនោះភ្លាមៗដែរ ។ លុះពេលចុះទៅដល់ចំណុចលូខាងលើ នគរបាលបានអើតមើល និងសួរនាំទៅបុរសរូបនោះតាមប្រហោងគម្របលូ ត្រូវបុរសរូបនោះប្រាប់ថា គាត់ជាប់នៅក្នុងលូនោះអស់រយៈពេល៧ថ្ងៃកន្លងមកហើយ មិនតែប៉ុណ្ណោះក៏មានមនុស្ស៣នាក់ទៀតជាប់ជាមួយគាត់ផងដែរ ។

តាមប្រភពព័ត៌មានបានបន្តថា បន្ទាប់ពីបានឮបែបនេះ សមត្ថកិច្ចមានការខ្វល់ខ្វាយខ្លាំងណាស់ក៏បាននាំគ្នាជួយគាស់គម្របលូនោះជួយយកបុរសនោះចេញ ។ ប៉ុន្តគាស់ពុំរួចឡើយទើបយកគ្រឿងចក្រទៅស្ទូចលើកបង្ហើប ទើបអាចទាញយកបុរសរូបនេះចេញបាន ហើយពុំឃើញមានមនុស្ស៣នាក់ផ្សេងទៀតនៅក្នុងលូនោះដូចជាការអះអាងរបស់បុរសរូបនោះឡើយ។

ក្រោយពេលទាញចេញបាន ទើបដឹងថាបុរសនេះនិយាយអត់ដឹងខុសត្រូវនិងសង្ស័យថាជាមនុស្សមានសតិមិនគ្រប់ ហើយពុំមែនជាប់ក្នុងលូ៧ថ្ងៃមកនោះទេ គឺសង្ស័យទើបតែជាប់នៅក្នុងថ្ងៃកើតហេតុនោះប៉ុណ្ណោះ។ ព្រោះកាលពីថ្ងៃទី១៨ ធ្នូមានអ្នកឃើញបុរសរូបនោះដើរតាមផ្លូវលេខ៣៧១ នៅត្រង់ស្ថានីយ៍បូមទឹកបឹងទំពុនហើយបុរសនោះប្រាប់ថា គាត់រស់នៅខេត្តពោធិ៍សាត់អត់ប្រាក់ជិះរថយន្តត្រឡប់ទៅផ្ទះវិញទេ។ខណៈនោះដោយមានការអាណិតអាសូរនគរបាលដែលស្ថិតនៅជិតនោះបានឲ្យប្រាក់សម្រាប់ជិះឡានទៅស្រុកវិញព្រមទាំងជួលម៉ូតូកង់បីដឹកទៅចំណតរថយន្តទៀតផង។

តាមប្រភពមួយនេះបានបញ្ជាក់ថា លុះរំលងបាន១ថ្ងៃពុំដឹងថាយ៉ាងម៉េចទេ ទើបបានជាមកជាប់នៅក្នុងលូបែបនេះទៅវិញ ចំណែកឯប្រាក់ដែលនគរបាលឲ្យសម្រាប់ឲ្យគាត់ជិះរថយន្តទៅស្រុកវិញនោះក៏ឃើញនៅជាប់ខ្លួនគាត់ទាំងអស់មិនបានបាត់បង់ឡើយ។បន្ទាប់ពីជួយសង្គ្រោះបាន អាជ្ញាធរក៏នាំទៅកាន់សាលាសង្កាត់ដង្កោបាញ់ទឹកលាងសម្អាតនិងឲ្យខោអាវស្លៀកពាក់ ហើយមួយសន្ទុះក្រោយមកប្រពន្ធគាត់ បានទៅយកត្រឡប់ទៅផ្ទះវិញ។

ស្ត្រីជាប្រពន្ធរូបនេះបាននិយាយប្រាប់អាជ្ញាធរថា គាត់និងប្ដីបានចាកចេញពីផ្ទះនៅខេត្តកំពង់ស្ពឺ មករាជធានីភ្នំពេញ ដើម្បីរកការងារធ្វើ ប៉ុន្តែមិនទាន់រកបានផងបានមានទំនាស់គ្នាបន្តិចបន្តួច ក៏ស្រាប់តែបុរសជាប្ដីដើរចេញបាត់ ហើយទៅផឹកស្រារហូតស្រវឹងវង្វេងស្មារតីនិងបាត់ខ្លួន២ថ្ងៃមកហើយ លុះដល់ថ្ងៃកើតហេតុទើបទទួលដំណឹងថាជាប់ក្នុងលូបែបនេះទៅវិញ៕

មតិរបស់អ្នក