ខេត្តក្រចេះ៖ សត្វផ្សោតមានទំហំធំមួយក្បាល ត្រូវបានគេប្រទះឃើញងាប់ហើមស្អុយរលួយកប់ក្នុងពំនូកខ្សាច់នៅចំនុចក្បាលកោះ ស្ថិតក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ។


ការងាប់របស់សត្វផ្សោតដ៏កម្រមួយក្បាលនេះ ត្រូវបានគេសន្និដ្ឋានថា អាចបណ្តាលមកពីការធ្វើនេសាទខុសច្បាប់នៅក្នុងទន្លេមេគង្គ ពិសេសក្នុងតំបន់ហាមឃាត់ដោយប្រើឧប្បករណ៍ល្មើសច្បាប់ ហើយក្រុមជនទាំងនោះបានយកសំណាកផ្សោតមកកប់ក្នុងខ្សាច់ដើម្បីបំបាត់ភស្តុតាង។ តែយ៉ាងណាមន្រ្តីជំនាញខណ្ឌជលផល បានបដិសេធទៅនិងការលើកឡើងនេះ ដោយអះអាងថា សំណាកផ្សោតមួយក្បាលនេះគឺងាប់ដោយសារឈឺចាស់ ហើយអណ្តែតទឹកមកទើនៅលើក្បាលកោះ។

សាកសពផ្សោតមួយក្បាលនេះ ត្រូវបានប្រជានេសាទប្រទះឃើញកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ដោយមានសភាពហើមស្អុយរលួយកប់ក្នុងពំនូកខ្សាច់លើក្បាលកោះ។


ជុំវិញការងាប់របស់សត្វផ្សោតមួយក្បាលនេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំអភិរក្ស បានបញ្ជាក់ឲ្យដឹងថា ក្រោយការប្រទះឃើញមន្រ្តីជំនាញរបស់លោក បានសហការជាមួយអង្គការដៃគូអភិរក្សបានចុះពិនិត្យ និងបានសន្និដ្ឋានថាផ្សោតនេះបានងាប់ក្នុឝងចន្លោះពី៤ទៅ៥ថ្ងៃមកហើយ។
លោកបានឲ្យដឹងទៀតថា សត្វផ្សោតធំនេះជាផ្សោតក្នុងលេខរៀងទីលេខ ០៥ សព្វថ្ងៃរស់នៅក្នុងអន្លង់កាំពីមានទំងន់ប្រហែល១៥០គីឡូក្រាមមានប្រវែង ២២៨សង់ទីម៉ែត្រជាផ្សោតញី។ ចំនែកឯមូលហេតុនៃការងាប់ ឆ្លងតាមការពិនិត្យជាក់ស្តែង សត្វផ្សោតមួយក្បាលនេះមានវ័យចាស់ព្រោះធ្មេញសឹករិចអស់ទាំងលើនិងខាងក្រោម។ ព្រោះថានៅដើដងខ្លួនសំណាកផ្សោតមិននត្រូវបានក្រុមមន្រ្តីជំនាញរកឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ។


សូមបញ្ជាក់ផងដែរថា បើតាមទិន្ន័យមួយពីមន្រ្តីឆ្មាំអភរិក្សបានបង្ហាញថាសព្វថ្ងៃ ទន្លេមេគង្គខេត្តក្រចេះមានសត្វផ្សោតរស់នៅក្នុងចន្លោះពី៥៥ទៅ៦០ក្បាល។ សត្វផ្សោតទាំងអស់ នេះសព្វថ្ងៃកំពុងតែរស់នៅ តាមអន្លង់ចំនួន៥អន្លង់ធំៗក្នុងទន្លេមេគង្គខេត្តក្រចេះ។ អន្លង់ទាំង នោះមានដូចជា អន្លង់ខ្សាច់ ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្តៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពី៕

មតិរបស់អ្នក