ខេត្តព្រះសីហនុ៖ លោក មាស វាសនា កូនប្រុសបង្កើតរបស់លោកស្រី ហ៊ុន សេងនី និង ត្រូវជាក្មួយប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តឹងលោក ថន វីរៈ និង ប្រពន្ធក្រោយ ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពីបទ «ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ពាក់ព័ន្ធការសាងសង់ផ្ទះនិងធ្វើរបងថ្ម លើដីកម្មសិទ្ធិស្របច្បាប់របស់ដើមបណ្តឹង ។


ដើមបណ្តឹង បានសំណូមពរអោយតុលាការ ឃាត់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និង ផ្តន្ទាទោស លោក ថន វីរៈ និង ប្រពន្ធក្រោយ អោយបានធ្ងន់ធ្ងរ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារអាមេរិក ផងដែរ។
នេះបើយោងតាមពាក្យបណ្តឹង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ដែល CPNS NEWS ទើបទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះ ។


ក្នុងពាក្យបណ្តឹង លោក មាស វាសនា បានរៀបរាប់ថា លោកបានទិញដីពីលោកគង់ វ៉ាន់ណូ ដែលដីនេះមានទីតាំងស្ថិតនៅលើដងផ្លូវកៅស៊ូឆ្ពោះទៅឆ្នេរមាសឆ្នេរប្រាក់ ក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយដីនេះ មានទទឹង៥០ម៉ែត្រ និង បណ្តោយ១.០០០ម៉ែត្រ ទំហំផ្ទៃដីសរុបទំហំ៥ម៉ឺនម៉ែត្រការ៉េ ។
ដើមបណ្តឹង បន្តថា ដីនេះមានលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ចុះហត្ថលេខាដោយអភិបាលស្រុកព្រៃនប់ លោក ណុប ភាន និង មានប្លង់បង្ហាញទីតាំងដីរបស់លោក គង់ វ៉ាន់ណូ ដោយមានអ្នកគូសវាស់វែង ត្រឹមត្រូវ និង មានការចុះហត្ថលេខាទទួលស្គាល់ពីមេភូមិ មេឃុំ និង អភិបាលស្រុកព្រៃនប់ ទៀតផង ។


លោក មាស វាសនា ជាដើមបណ្តឹង បន្តទៀតថា ដីនេះ គឺ លោក គង់ វ៉ាន់ណូ បានទិញពីលោក ថន វីរៈ និង ឈ្មោះ ថន ចាន់ថុន ដោយមានកិច្ចសន្យាលក់ផ្តាច់ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១២ មានលោកមេភូមិថ្មធំ ឈ្មោះ ពិន ភាង និង មេឃុំឈ្មោះ អ៊ីវ ហ៊ី ចុះហត្ថលេខាទទួលស្គាល់ និង បានផ្ទេរសិទ្ធិកាន់កាន់នេះ មកអោយលោក គង់ វ៉ាន់ណូ តាមរយៈលិខិតផ្ទេរសិទ្ធិប្រើប្រាស់ដីធ្លី ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ដោយមានមេឃុំរាម អ៊ីវ ហ៊ី និង អភិបាលស្រុកព្រៃនប់ឈ្មោះ ណុប ភាន ចុះហត្ថលេខាទទួលស្គាល់ ។


នៅអំឡុងខែមិថុនា ឆ្នាំ២០១៩ លោក មាស វាសនា និង លោក គង់ វ៉ាន់ណូ បានទៅមើលដីផ្ទាល់ ស្រាប់តែឃើញមានផ្ទះនិងរបងថ្ម បានសាងសង់លើដីរបស់លោក មាស វាសនា ដែលបានទិញពីលោក គង់ វ៉ាន់ណូ ។
បើតាមការសាកសួរ គឺ លោក ថន វីរៈ និង ឈ្មោះ ឈុន ម៉ីល៉ីង ជាប្រពន្ធក្រោយលោក ថន វីរៈ គឺ ជាម្ចាស់ផ្ទះ និង សំណង់ ទាំងនោះ ។


លោក ថន វីរៈ និង ប្រពន្ធក្រោយ បានលួចសាងសង់ផ្ទះ និង សំណង់ផ្សេងៗនៅលើដីជាកម្មសិទ្ធិរបស់លោក មាស វាសនា ហើយ សំណង់ទាំងអស់នោះ គឺ ជាសំណង់ខុសច្បាប់ ។ អំពើរបស់លោក ថន វីរៈ និង ប្រពន្ធក្រោយ ព្រមទាំងបក្ខពួក ធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍របស់លោក មាស វាសនា ជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់ និង ធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គមសាធារណៈ ហើយដែលជាបទល្មើសដែលមានចែង ក្នុងមាត្រា២៥៣នៃច្បាប់ភូមិបាល ។


ទោះបីយ៉ាងណា កន្លងមក លោក ថន វីរៈ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ធ្លាប់បដិសេធថា «ពុំធ្លាប់មានប្រវត្តិទទួលការផ្តន្ទាទោស ឬ ជាប់ពន្ធនាគារ ពិសេសពាក់ព័ន្ធនឹងបទឃាតកម្ម ឬ ការឈូសឆាយដីឧទ្យានជាតិ រាម ហើយក៏ពុំធ្លាប់ឆបោកប្រជាពលរដ្ឋណាម្នាក់ដែរ»។


នេះបើយោងតាមលិខិតបដិសេធរបស់លោក សៅ សម្បត្តិ មេធាវីតំណាងដោយអាណត្តិអោយលោក ថន វីរៈ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ធ្លាប់បានថ្លែងថា «ការចុះផ្សាយនោះបាននិយាយរិះគន់ប៉ះពាល់ដល់កិត្តយសរបស់ឯកឧត្តម ថន វីរៈ ។ ខុទ្ទកាល័យសម្តេចក្រឡាហោម បានទទួលការណែនាំអោយធ្វើការស្រាវជ្រាវបញ្ហានេះ ដើម្បីស្វែងរកការពិតនិងយុត្តិធម៌ជូនភាគីទាំងសងខាង»។


យោងតាមឯកសារជាច្រើនបង្ហាញថា លោក ថន វីរៈ ធ្លាប់ជាប់ពន្ធនាគារ និង កំពុងរងបណ្តឹងព្រហ្មទណ្ឌមួយចំនួន នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ផងដែរ ៕

មតិរបស់អ្នក