(ត្បូងឃ្មុំ)៖ ប្រជាកសិករ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កំពុងជួប្រទះបញ្ហាតម្លៃលើផលិតផលកសិកម្មរបស់ខ្លួន, រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានដឹកនាំអភិបាលរងខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកជូនថវិកាមួយចំនួន ជូនដល់ប្រជាកសិករដាំបន្លែត្រសក់ចំណារ ដែលកំពុងជួបបញ្ហាតម្លៃ ប្រមូលទិញត្រសក់ និងអំពាវនាវអ្នកពាក់ព័ន្ធជួយសហការស្វែងរកទីផ្សារ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តប្រជាកសិករឱ្យខិតខំដាំដំណាំបន្លែបន្ថែមទៀត ប៉ុន្តែត្រូវផ្លាស់ប្តូរមុខបន្លែ រើសយកប្រភេទបន្លែមានទីផ្សារ តម្លៃខ្ពស់ រក្សាទុកបានយូរ ហើយជៀសវាងដាំបន្លែដដែលៗ ជាន់គ្នាដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់នៅលើទីផ្សារ។

ដើម្បីចូលរួមដោះស្រាយលើបញ្ហានេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ មន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត ឈ្មួយរកសុី និងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នារកទីផ្សារជូនប្រជាកសិករ ដែលដាំដំណាំបន្លែត្រសក់ និងបន្លែគ្រប់ប្រភេទ អោយមានតម្លៃទីផ្សារសម្រាប់លក់បានសមរម្យ ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់។

ជាការឆ្លើយតប ប្រជាកសិករទាំង ៣៩គ្រួសារ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ពិសេសលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជានិច្ចជាការបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូន ពិសេសអំពាវនាវជួយស្វែងរកទីផ្សារលក់បន្លែត្រសក់ចេញអោយបានតម្លៃមួយខ្ពស់សមរម្យ ដែលជាប្រភពទុនសម្រាប់ជីវភាពគ្រួសារបងប្អូន។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចែកជូនដល់កសិករដាំត្រសក់ ដែលកំពុងប៉ះពាល់តម្លៃ ចំនួន៣៩គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានថវិការចំនួន ៥០០,០០០រៀល សរុបអស់ទឹកប្រាក់ចំនួន ១៩,៥០០,០០០រៀល និងបានជួយទិញត្រសក់ចំនួន ៤តោន ចែកជូននគរបាល អាវុធហត្ថ កងទ័ព កងពលលេខ២១ ពន្ធនាគារ និងមន្ទីរពេទ្យសួងផងដែរ៕

មតិរបស់អ្នក