នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ស្តីពី សិទ្ធិមនុស្សពាក់ព័ន្ធសមត្ថកិច្ចក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ដើម្បីជួបប្រជុំពិភាក្សាជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដែលមានការអញ្ជើញចូលរួមពី អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ស្តីពីសិទ្ធិមនុស្សពាក់ព័ន្ធសមត្ថកិច្ចក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដោយសារតែបញ្ហាកូវីដ១៩ធ្វើឱ្យកិច្ចប្រជុំនេះត្រូវពន្យាពេលអស់រយៈពេលដល់ទៅ៣ខែ ប៉ុន្តែទោះបីយ៉ាងណា ក្រសួងមហាផ្ទៃនៅតែអាចរៀបចំកិច្ចប្រជ៉ំពិភាក្សាតាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីធ្វើឲ្យសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានភាពរឹងមាំឡើង។

ក្នុងឱកាសនោះដែរ លោក Pra-deep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តម ប៊ុន ហុន ព្រមទាំងក្រុមការងារក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាសចូលរួមក្នុងកិច្ចប្រជុំ បើទោះបីជាមានបញ្ហាកូវីដ១៩ជាបន្តបន្ទាប់ក៏ដោយ។ ជាមួយគ្នានេះ លោក Pra-deep Wagle ក៏បានធ្វើការកោតសរសើរចំពោះកិច្ចសហប្រតិ្តបត្តការដ៏ល្អរវាង ក្រសួងមហាផ្ទៃ និងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើការជួបប្រជុំក៏ដូចជាកិច្ចការពារផ្សេងៗទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស និងកិច្ចការងាររបស់អង្គការសង្គមស៊ីវិលផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិរបស់អ្នក