កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងដឹកនាំដោយឯកឧត្តម អម សុភា អភិបាលរងខេត្ត ដោយកិច្ចសហការពីមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារលើនិងការអប់រំផ្សព្វផ្សាយ អំពីវិធានការការពារ ជំងឺកូវិដ១៩ដល់ប្រជាពលរដ្ឋ ឲ្យចូលរួមទប់ស្កាត់ទាំងអស់គ្នា នូវមេរោគដ៍កាចសាហាវមួយនេះ។

លោក គង់ ច័ន្ទធា ប្រធានការិយាល័យបង្ការ និង គ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការផ្សព្វផ្សាយអប់រំនេះគឺក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋទាំងអស់ស្វែងយល់អំពីវិធានការនានាដែលក្រសួងសុខាភិបាល បានណែនាំ និង ឲ្យប្រជាពលរដ្ឋចួលរួមធ្វើអនាម័យឲ្យបានស្អាតជាប្រចាំដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

លោកបានបញ្ជាក់ទៀតថា ការបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារលើខេត្តកំពង់ឆ្នាំងនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយនៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍។ ហើយកិច្ចការនៃការបាញ់ថ្នាំសម្លាប់មេរោគនេះ នឹងធ្វើនៅគ្រប់ទីកន្លែងប្រជុំជនដែលផ្តោតសំខាន់ នៅតាមផ្សារនានានិងតាមទីរសាធារណៈនានាក្នុងខេត្ត។

មានប្រសាសន៍នៅ ក្នុងឱកាសនោះ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ដើម្បីឲ្យការអនុវត្តន៍នូវវិធានការណ៍នានា របស់រាជរដ្ឋាភិបាល និង អាជ្ញាខេត្តមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩នោះ គឺទាល់តែយើងទាំងអស់គ្នាចូលរួមឲ្យបានសកម្មបំផុត ដោយយកវិធានការណ៍អនាម័យអនុវត្តជាប្រចាំ ក្នុងកិច្ចការរស់នៅប្រចាំថ្ងៃ ដូចជាលាងដៃនឹងសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ ពាក់ម៉ាស់ និងត្រូវអនុវត្តនូវគម្លាតសុវត្ថិភាព បើសិនជាមិនចាំបាច់ ពុំត្រូវចេញទៅក្រៅនោះដែរ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ទៀតថា យើងមិនត្រូវភ្លេចខ្លួននោះទេ ហើយជាពិសេសយើងត្រូវប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានទ្វេដងបន្ថែមទៀត ដើម្បីសុវត្ថិភាពខ្លួនឯង សុវត្ថិភាពគ្រសួរនិង សង្គមជាតិ។ ឯកឧត្តម បានគូសបញ្ចាក់បន្ថែមថា ជំងឺកូវីដ១៩ វាមិនត្រឹមតែបង្ករឲ្យមនុស្សឈឺ និង សម្លាប់ជីវិតមនុស្សប៉ុណ្ណោះទេ តែវាក៏បានបំផ្លាញសេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

មតិរបស់អ្នក