(ភ្នំពេញ)៖ នៅថ្ងៃរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ មន្ដ្រីក្រសួងសុខាភិបាល និងការិយាល័យសុខាភិបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅអគារក្នុងទីស្ដីការក្រសួងមហាផ្ទៃ ក្រោយរកឃើញមន្ដ្រីមានកើតជំងឺកូវីដ-១៩ បន្ទាប់ពីបានចូលទៅហាងលក់សម្លៀកបំពាក់ Zando កាលពីពេលកន្លងទៅ។

គិតត្រឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» មានសរុបចំនួន៣៤នាក់ ក្នុងនោះក៏មានមន្ដ្រីនគរបាល ដែលបម្រើការនៅក្នុងទីស្ដីការក្រសួងមហាផ្ទៃផងដែរ។ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ មន្ដ្រីនៅក្នុងក្រសួងមហាផ្ទៃទាំងអស់ ជាច្រើនពាន់នាក់ ក៏តម្រូវឲ្យមកយកសំណាកដើម្បីពិនិត្យរកមេរោគនេះដូចគ្នាដែរ។ពាក់ព័ន្ធករណីនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ស្តីពីការផ្អាកការចូលមកបំពេញការងារ ជាបណ្តោះអាសន្ន ចំពោះមន្ត្រីរាជការដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាមបទបញ្ជា ដែលបណ្តាញព័ត៌មាន CPNS News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ។


បទបញ្ជានេះធ្វើឡើងដើម្បីអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងដោយមានការពិគ្រោះពិភាក្សាជាមួយ ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ក៏ដូចជាការឆ្លងរីករាលដាលនៅក្នុងសហគមន៍។សម្តេចក្រឡាហោម ស ខេង បានសម្រេចចេញបទបញ្ជា ដូចខាងក្រោម៖១៖ ផ្អាកការចេញ-ចូលមកបំពេញការងារជាបណ្តោះអាសន្នក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពនានាដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះរហូតដល់មានការជូនដំណឹងជាថ្មី។


២៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាមអគ្គ-នាយកដ្ឋាន ឬអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ដែលមិនទាន់បានយកសំណាកដើម្បីធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ ត្រូវរួសរាន់មកយកសំណាក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ។


៣៖ ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលមកបំពេញការងារជាបណ្តោះអាសន្ននេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាមអគ្គនាយកដ្ឋាន ឬអង្គភាពនានាដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវណែនាំដល់ក្រុមគ្រួសាររបស់ខ្លួន ឱ្យអនុវត្តវិធានការការពារជំងឺកូវដ១៩ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងជំងឺនេះនៅក្នុងសហគមន៍។

៤៖ ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវបំពេញការងារពីចម្ងាយតាមរយៈអនឡាញ។

អគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវចាត់មន្ត្រី ដែលមិនប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពី ០៥ ទៅ ០៧នាក់ ឱ្យមកប្រចាំការនៅទីស្តីការក្រសួងមហាផ្ទៃ ហើយត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីប្រចាំ
ការទាំងនោះបញ្ជូនមកអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ។ មន្ត្រី ដែលត្រូវបានចាត់ឱ្យមកប្រចាំការទាំងនោះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការការពារជំងឺកូវីដ១៩។ ប្រគល់ភារកិច្ចជូន លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ដើម្បីដឹកនាំសម្របសម្រួលការងារមន្ត្រីប្រចាំការនេះ។

៥៖ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវប្រមូលមកវិញនូវប័ណ្ណចេញ-ចូលទីស្តីការក្រសួងមហាផ្ទៃ ដែលបានផ្តល់ជូនយោងតាមសេចក្តីណែនាំលេខ ០៥៣ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ហើយត្រូវរៀបចំប័ណ្ណចេញ-ចូលថ្មី ដើម្បីផ្តល់ជូនចំពោះតែថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវបានចាត់ឱ្យមកប្រចាំការ នៅទីស្តីការក្រសួងមហាផ្ទៃ ដូចបានកំណត់ក្នុងចំណុចទី៤ ខាងលើ៕

មតិរបស់អ្នក