(ខេត្តកណ្ដាល)៖ បន្ទាប់ពីជនរងគ្រោះម្នាក់ដែលត្រូវនគរបាលក្រសួងមហាផ្ទៃឈ្មោះ គ្រី រ៉ាឌី ឆបោកថវិកាចំនួន ១៧,០០០ដុល្លារ ជាថ្នូរនឹងការចូលធ្វើជាមន្ត្រីនគរបាល ប៉ុន្តែមិនបានដូចបំណង ហើយលុយក៏មិនសងថែមទៀតនោះ ជនរងគ្រោះឈ្មោះ យ៉ាង សំអូន បានដាក់ពាក្យប្ដឹងមកនគរបាលខេត្តកណ្ដាល ហើយក៏ប្ដឹងចូល Page សម្ដេចក្រហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ដើម្បីឱ្យជួយដោះស្រាយចំពោះករណីរបស់ខ្លួន។

ជាការឆ្លើយតបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការន គរបាលខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានចាត់ឱ្យលោក ឡាក់ ម៉េងធី នាយកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាន ដោះស្រាយវិវាទនេះ ជាលទ្ធផល ភាគីជនឆបោកបានចាត់ឱ្យមេធាវីមកជំនួស ហើយសងលុយចំនួន ១០,០០០ដុល្លារសិន រីឯថវិការនៅសល់ ៧០០០ដុល្លារទៀត សន្យាថានឹងប្រគល់ជូននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

បើតាមលោក ឡាក់ ម៉េងធី បានប្រាប់ភ្នាក់ងារ CPNS News ប្រចាំខេត្តកណ្ដាល នាថ្ងៃទី៨ ខែធ្នូនេះថា «រឿងនេះភាគីខាងជនរងគ្រោះធ្លាប់បានដាក់ពាក្យប្ដឹងមកការិយាល័យដែរ ហើយខាងជំនាញក៏បានកោះហៅទាំង២ភាគី មកដោះស្រាយ ប៉ុន្តែភាគីខាងចុងបណ្ដឹងដោះស្រាយបញ្ហាដោយសន្យាតែមាត់ តែពុំព្រមសងថវិកានោះឡើយ ដែលជាហេតុនាំឱ្យភាគីដើមបណ្ដឹងកើតចិត្តខឹង ក៏ Comment ប្ដឹងចូល Page របស់សម្ដេចក្រឡាហោមស ខេង តែម្ដងទៅ»។លោកបានបន្តថា បន្ទាប់ពីផ្ទុះរឿងនេះរួចមក ភាគីចុងបណ្ដឹង ឈ្មោះ គ្រី រ៉ាឌី មិនបានចូលខ្លួនដោះស្រាយដោយផ្ទាល់ទេ ប៉ុន្តែចាត់ឲ្យមេធាវីម្នាក់មកដោះស្រាយ ដោយសងប្រាក់ចំនួន ១ម៉ឺនដុល្លារសិន រង់ចាំសងបង្រ្គប់នៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ។គួរជម្រាបថា ភាគីជនរងគ្រោះបានដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Som Oun Keo ដែលបានខមមិន (Comment) នៅក្នុងផេកហ្វេសប៊ុក សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារថា «សូមសម្តេចជួយដោះស្រាយឱ្យក្រុមគ្រួសារខ្ញុំផង កាលពីឆ្នាំ២០១៩ ប្អូនស្រីខ្ញុំបានចាញ់បោកជនបោកប្រាស់ដែលថាជួយរត់ការឱ្យប្អូនស្រីខ្ញុំ ចូលក្របខណ្ឌនគរបាល ហើយថ្លៃរត់ការនោះគេយក ១៧,០០០ដុល្លារ (មួយម៉ឺនប្រាំពីរពាន់ដុល្លារ)។ ប៉ុន្តែពេលនេះការងារក៏អត់ សងលុយវិញក៏អត់ ហើយខ្ញុំបានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប៉ុន្តែមន្រ្តីនគរបាល មិនទាន់ដោះស្រាយឱ្យទេ (ជនបង្កឈ្មោះ គ្រី រ៉ាឌី មុខរបរប៉ូលីស) សូមសម្តេច រកយុត្តិធម៌ជូនគ្រួសារខ្ញុំផង»។ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការស្រាវជ្រាវករណីដែលបានរាយការណ៍នោះ។ជាលទ្ធផល នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ភាគីទាំងពីរដោយភាគី គ្រី រ៉ាឌី មានមេធាវីជាតំណាងបានមកជជែកចរចាព្រមព្រៀងគ្នាជាមួយដើមបណ្តឹង ហើយភាគីឈ្មោះ គ្រី រ៉ាឌី បានយល់ព្រមសងប្រាក់ទៅឱ្យភាគីដើមបណ្តឹង ចំនួន ១០,០០០ដុល្លារ ហើយនៅខ្វះ ៧,០០០ដុល្លារ (ប្រាំពីរពាន់ដុល្លារ) ភាគីឈ្មោះ គ្រី រ៉ាឌី សន្យាប្រគល់គ្រប់ចំនួននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ។ភាគីគណនីហ្វេសបុកឈ្មោះ Sam Oun Keo ដែលមានឈ្មោះ យ៉ាង សំអូន បន្ទាប់ពីទទួលបានសំណងរួចមកបានសរសេរខមមិន (Comment) ទៅក្នុងផេកសម្តេចក្រឡាហោម ស ខេង វិញ ដោយបានថ្លែងអំណរអរគុណដល់សម្តេចដែលបានជួយរកយុត្តិធម៌ដល់គ្រួសារខ្លួន។ មួយវិញទៀតក៏សូមអរគុណដល់សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានដោះស្រាយយ៉ាងសកម្ម និងមានភាពយុត្តិធម៌៕

មតិរបស់អ្នក