ភ្នំពេញ៖ ក្នុងសារតាមហ្វេសប៊ុក ជូនជនរួមជាតិ នៅព្រលប់ថ្ងៃទី៧ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមថវិកា សម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១លានដូស យកមកចាក់ជូនប្រជាជនយើង ដោយឥតគិតថ្លៃ ជាជំហានដំបូង។សម្តេច លើកឡើងថា ពេលនេះ ប្រទេសមួយចំនួន ផលិតបាន និងដាក់អោយប្រើប្រាស់ហើយនិងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះ សម្តេច បានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។

សម្តេចបន្តថា វ៉ាក់សាំង មួយលានដូសនេះ ចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ ត្រូវការចាក់ ២ដង) ក្នុងពេលយើង មានប្រជាជន ១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះ អាចមានមនុស្សប្រមាណ ១០លាននាក់ ត្រូវការចាក់វ៉ាក់សាំង។យ៉ាងណាក៏ដោយ ក្នុងស្ថានភាព ដែលប្រទេសកម្ពុជាយើង នៅក្រខ្វះថវិកា សម្រាប់ទិញវ៉ាក់សាំងបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែម មកជួយដល់ប្រជាជនយើង។

សម្តេចតេជោ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកា សម្រាប់ទិញ ២ ទៅ ៣លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្ទាប់៕

មតិរបស់អ្នក