(បន្ទាយមានជ័យ)៖ ដោយអនុវត្តអនុសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារណែនាំបន្ទាន់ថ្មីៗរបស់ក្រសួងសុខាភិបាល ទាក់ទិននឹងការបង្ការ ទប់ស្កាត់ ចាត់វិធានការលើជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩, លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកាកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសការី បាននាំយកម៉ាសចំនួន៤កេសធំ ស្មើនឹង១ម៉ឺនម៉ាស ប្រគល់ជូនក្រុមការងារដោះស្រាយទំនាស់ដីធ្លី នៅចំណុចបឹងជង្រុក និងចំណុច៦៧១ ស្ថិតក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ការប្រគល់ធ្វើឡើងតាមរយៈលោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី៧ ខែធ្នូ ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់ឲ្យដឹងថា ម៉ាសចំនួន៤កេសធំនេះជាអំណោយរបស់អង្គភាពអាវុធហត្ថខេត្តបន្ទាយមានជ័យ យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋ កំពុងដោះស្រាយទំនាស់ដីធ្លី នៅចំណុចបឹងជង្រុក និងចំណុច៦៧១ ស្ថិតក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ តាមរយៈលោក ប៉ាន់ ខែមប៊ុនថន ដើម្បីឲ្យពួកគាត់បានចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពេលដែលជំងឺនេះបាន និងកំពុងរាលដាលដល់សហគមន៍ហើយនោះ។

ក្នុងនោះលោក ប៉ាន់ ខែមប៊ុនថន បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ម៉ាសទាំង៤កេសធំនេះ នឹងធ្វើការចែកឲ្យបានដល់ដៃប្រជាពលរដ្ឋកំពុងដោះស្រាយទំនាស់ដីធ្លី នៅចំណុចបឹងជង្រុក និងចំណុច៦៧១ ស្ថិតក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រឲ្យបានគ្រប់គ្នា ហើយលោកនឹងធ្វើការផ្សព្វផ្សាយបន្ថែមទៀត នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

លោកសង្ឃឹមថាក្រោយពីធ្វើការចែកម៉ាសដល់ដៃប្រជាពលរដ្ឋទាំងអស់នោះ គាត់នឹងធ្វើការពាក់ឲ្យបានគ្រប់គ្នា ដើម្បីធ្វើការទប់ស្កាត់ចំពោះវិធានការការពារជំងឺកូវីដ-១៩
នេះឲ្យបាន១០០% ផងដែរ៕

មតិរបស់អ្នក