ខេត្តបន្ទាយមានជ័យ ៖ មានករណីបុរសម្នាក់បើកម៉ូតូលឿន ស្របពេលសិស្សចេញពីសាលា ដើរឆ្លងផ្លូវក៏បុកកុមារីម្នាក់ជាសិស្សសាលា បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយមកក៏បានស្លា.ប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារខេត្តសៀមរាប ។


ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខសាលាបឋមសិក្សាពង្រ លើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតក្នុងពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ បូ ជីតា អាយុ៧ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែកម៉ូតូមួយគ្រឿងខាងលើម៉ាកហុងដា MSX ពណ៌ខៀវផ្ទៃមេឃ ពាក់ផ្លាកលេខ ប.មានជ័យ1T-2916 បើកបរដោយឈ្មោះសន្តូ សាលឹត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកនាយការិយាល័យបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេបានឃើញកុមារីរងគ្រោះចេញពីសាលារៀន ហើយបានដើរឆ្លងផ្លូវ ស្របពេលនោះ អ្នកបើកបរម៉ូតូបានបើកក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចមុខសាលាបឋមសិក្សាពង្រ បានបុកក្មេងស្រីជាសិស្សសាលា បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារនៅខេត្តសៀមរាប តែជាអកុសលកុមារីរងគ្រោះបានស្លា.ប់បាត់ទៅហើយ ។ ចំណែកអ្នកបើកបរម៉ូតូរងរបួសស្រាល ហើយទាំងមនុស្សនិងម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ខេត្តនាំមកការិយាល័យ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ។

ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បុកសិស្សសាលាខាងលើនេះដែរ មានប្រជាពលរដ្ឋនៅភូមិពង្របានលើកឡើងថា លោកនាយប៉ុស្តិ៍កំពុងស្វាយ ក៏ដូចជាអធិការនគរបាលនគរបាលក្រុងសិរីសោភ័ណ គួរណាស់តែយកចិត្តទុកដាក់ចាត់កម្លាំងជួយសម្រួលចរាចរណ៍ពេលសិស្សចេញពីសាលារៀនពង្រនេះផង ដូចជានៅតាមបណ្តាសាលារៀនផ្សេងៗនៅពេលសិស្សចេញពីសាលារៀន នគរបាលចរាចរណ៍ឬនគរបាលប៉ុស្តិ៍មកជួយសម្រួលចរាចរណ៍ឲ្យសិស្សសាលា ពីសេសគឺសិស្សសាលាតូចៗ។នៅសាលាបឋមសិក្សាពង្រនេះ មិនដែលឃើញនគរបាលចុះមកជួយសម្រួលចរាចរណ៍នៅពេលសិស្សចេញពីសាលានោះឡើយ៕

មតិរបស់អ្នក