(បាត់ដំបង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ បានអញ្ជើញពិនិត្យសកម្មភាពការងារអន្តរាគមន៍របស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪ ដែលបានដំណើរការជីកស្រះទឹក ដ៏ធំមួយកន្លែងជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម របស់ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានដល់ប្រជារាស្ត្រ ជាបងប្អូន កូនចៅរបស់ព្រះអង្គ មានទីតាំងស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

សកម្មភាពនេះ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង, លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត។

ក្នុងឱកាសនោះក៏មានការអញ្ជើញទទួលស្វាគមន៍ចំពោះវត្តមានសម្តេចចៅហ្វាវាំង និងការចូលរួមអបអរសាទរចំពោះលទ្ធផលដ៏ល្អប្រពៃរបស់ក្រុមសម្តេចឪ ពីសំណាក់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសចុះបំពេញការងារនៅមូលដ្ឋាននេះ សម្តេចចៅហ្វាវាំង បានអញ្ជើញពិនិត្យ លទ្ធផលការងារដ៏ប្រសើររបស់ក្រុមសម្តេចឪលើការជីកស្តារស្រះទឹក ព្រះរាជអំណោយដ៏ ឧត្តុងឧត្តមមួយកន្លែងនេះ ដែលមានទំហំ១០០ម៉ែត្រ គុណនឹង១០០ម៉ែត្រ និងជម្រៅប្រវែង ៣ម៉ែត្រ ដែលក្រុមសម្តេចឪបានដំណើរការជីកស្តារចាប់តាំងពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលរួចរាល់ជាស្ថាពរ ១០០ភាគរយហើយ។

គួរបញ្ជាក់ជូនថា ការជីកស្រះទឹកមួយកន្លែងនេះ គឺត្រូវបានជីកស្តារនៅលើអាងទឹកបុរាណ ដែលមានឈ្មោះថា អាងព្រះស្រែធំ បានកសាងឡើងនៅក្នុងឆ្នាំ១៩៥៨ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាស្ថាបនាជាតិ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ អាងព្រះស្រែធំ នេះមានទំហំបណ្តោយ ៤៥០ម៉ែត្រ និងទទឹង២២៥ម៉ែត្រ។ អាស្រ័យដោយអាងព្រះស្រែធំ មានសភាពគោករាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ប្រោសព្រះរាជទាន សម្តេចចៅហ្វាវាំង ចាត់ចែងមន្ត្រីក្រុមសម្តេចឪធ្វើការស្ថាបនា ដើម្បីជាឧត្តមប្រយោជន៍នៃការជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជារាស្ត្រ មានចំនួន៤ភូមិ ក្នុងឃុំស្នឹង ស្រុកបាណន់ មានការងាយស្រួល នៅក្នុងរដូវប្រាំង ដោយពុំចាំបាច់ដឹកជញ្ជូនទឹកពីទីឆ្ងាយមកទទួលទានប្រើប្រាស់បម្រើការងារ ផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ និងមានលទ្ធភាពសម្រាប់បង្កបង្កើនផលក្នុងរបរកសិកម្មទៀតផង។

ការប្រោសព្រះរាជទាននូវព្រះរាជអំណោយជាស្រះទឹកតាមរយៈចលនាដ៏ល្អប្រពៃ របស់ក្រុមសម្តេចឪ គឺមានកិច្ចដំណើរការយ៉ាងល្អវិសេសវិសាល ស្របគ្នាទៅនឹងការប្រោស ព្រះរាជទាន ព្រះរាជសមទ្ធិផលដ៏ឧត្តុងឧត្តមដទៃទៀត ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រោសព្រះរាជទានជារៀងរាល់ខែរាល់ឆ្នាំ ដើម្បីចូលរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រ ជាពិសេសបងប្អូនប្រជារាស្រ្ត រស់នៅតាមតំបន់ទីជនបទឆ្ងាយៗឲ្យមានជីវភាពកាន់តែ ល្អប្រសើរឡើងជាបន្តបន្ទាប់។

ក្នុងឱកាសចុះបំពេញការងារដ៏វិសេសវិសាលនៅទីនេះ សម្តេចចៅហ្វាវាំងព្រះរាជតំណាង បានជម្រាបជូនអាជ្ញាធរភូមិ ឃុំពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងព្រះរាជហឬទ័យ នឹករលឹកដ៏ជ្រាលជ្រៅពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនបង ប្អូនកូនចៅរបស់ព្រះអង្គ រស់នៅឃុំស្នឹង ស្រុកបាណន់ និងនៅទូទាំងខេត្តបាត់ដំបង។

សម្តេច ចៅហ្វាវាំង បានជូនជាមតិណែនាំដល់អាជ្ញាធរភូមិ ឃុំ គប្បីសហការជាមួយបងប្អូនប្រជារាស្ត្រ ក្នុងការថែរក្សាស្រះទឹក ព្រះរាជអំណោយដ៏ថ្លៃថ្លានេះឲ្យបានប្រើប្រាស់យូរអង្វែង។ សម្តេចចៅហ្វាវាំង បានជូនជាមតិយោបល់ណែនាំបន្ថែមទៀតដល់អាជ្ញាធរ និងប្រជារាស្ត្រក្នុង មូលដ្ឋានធ្វើការដាំឈូកក្នុងស្រះទឹក និងដាំដើមឈើជុំវិញស្រះដែលជាការងារត្រូវបន្តអនុវត្ត ក្នុងពេលខាងមុខបន្ទាប់ពីអាជ្ញាធរ និងប្រជារាស្ត្រក្នុងមូលដ្ឋានទទួលបានជោគជ័យក្នុងការ លែងកូនត្រី បានមួយផ្នែករួចមកហើយ។ប្រជារាស្ត្ររស់នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង សូមថ្លែងនូវអំណរព្រះរាជ គុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទាន ព្រះរាជសមិទ្ធផលដ៏ឧត្តុងឧត្តមនេះ និងសូមបួងសួងដ៏គុណបុណ្យព្រះរតនៈត្រ័យ ព្រះតេជៈបារមីនៃវត្ថុសក្តិសិទ្ធិ គ្រប់ព្រះអង្គក្នុងលោក សូមព្រះអង្គជួយបីបាច់ថែរក្សា និងប្រោសព្រះទាននូវព្រះពរជ័យសិរីមង្គលដ៏បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ បានប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខ គ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៌ ព្រះកាយពលមាំមួរ និងមានព្រះជន្មាយុ យឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តសម្បូរ សប្បាយ ដល់កូនចៅ ចៅទួត របស់ព្រះអង្គជាដរាបតរៀងទៅ៕

មតិរបស់អ្នក