អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍សហរដ្ឋអាមេរិកបានបញ្ជាដល់ប្រទេសរុស្ស៊ី ឲ្យបិទស្ថានកុងស៊ុលរបស់ខ្លួនក្នុងទីក្រុង San Francisco និង ២កន្លែងផ្សេងទៀតក្នុងរយៈពេល ២ថ្ងៃ ជាសកម្មភាពចាត់ទុកជារឿងគួរឲ្យសោកស្ដាយ ខណៈដែលទំនាក់ទំនងរវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២ បានធ្លាក់ចុះមួយកម្រិតទៀត។

ក្រសួងការបរទេសអាមេរិកលើកឡើងថា សេចក្ដីសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងស្មារតីស្មើភាពគ្នា បន្ទាប់ពីទីក្រុងមូស្គូបានបញ្ជាឲ្យកាត់បន្ថយ បុគ្គលិកផ្នែកការទូតរបស់សហរដ្ឋអាមេរិកក្នុងប្រទេសរុស្ស៊ីកាលពីខែកក្កដាកន្លងទៅ។ នៅពេលចាប់ផ្ដើមចូលកាន់ដំណែងជាប្រធានាធិបតីរបស់លោក Donald Trump ក្នុងខែមករា មេដឹកនាំមកពីគណបក្សសាធារណរដ្ឋរូបនេះបាននិយាយថា លោកនឹងបង្កើនទំនាក់ទំនងឲ្យកាន់តែប្រសើរជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ប៉ុន្តែបន្ទាប់ពីសភាសហរដ្ឋអាមេរិកសម្រេចលើការដាក់ទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ ជុំវិញការចោទប្រកាន់ថាខ្លួនជ្រៀតជ្រែក ក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ លោក ពូទីន កាលពីខែកក្កដាបានបញ្ជាឲ្យកាត់បន្ថយបុគ្គលិកការទូតសហរដ្ឋអាមេរិកក្នុងប្រទេសរុស្ស៊ី៕

មតិរបស់អ្នក