(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ម៉ាស៊ីនអេកូសាស្ត្រមួយគ្រឿង ជូនមណ្ឌលសុខភាពក្របៅ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីជួយធ្វើឱ្យការផ្តល់សេវាផ្នែកអេកូជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ម៉ាស៊ីនអេកូសាស្ត្រនេះ ត្រូវបានលោកបណ្ឌិត ស្តើង សុខុម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំចាយមារអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡា ហោម ស ខេង យកទៅប្រគល់ជូនមណ្ឌលសុខភាព នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងឱកាសនោះលោកបណ្ឌិត ស្តើង សុខុម បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនចំពោះក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋនៅទីនោះដោយក្តីគោរពស្រឡាញ់ និងនឹករលឹកជាទីបំផុត។

លោកបណ្ឌិត បានលើកឡើងថាថ្វីត្បិតនៅទីនេះគ្រាន់តែជាមណ្ឌលសុខភាពឃុំ ក៏ប៉ុន្តែស្ថានភាពភូមិសាស្រ្តនៅទីនេះមានប្រជាជនរស់នៅរហូតដល់ទៅជាង ១ម៉ឺននាក់។ មណ្ឌលសុខភាពនេះមិនមែនបម្រើសេវាតែប្រជាពលរដ្ឋក្នុងឃុំក្របៅនោះទេ តែបានផ្តល់សេវាជូនពលរដ្ឋមកពីឃុំផ្សេងទៀតផងដែរ។

«មើលឃើញពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅទីនេះដែលកន្លងមកនៅមណ្ឌលសុខភាពនេះមិនមានម៉ាស៊ីនអេកូសាស្រ្តនោះទេ។ ពេលឈឺថ្កាត់ប្រជាពលរដ្ឋត្រូវរត់ទៅរកសេវាឯកជនដែលមានតម្លៃខ្ពស់ ពេលខ្លះមិនមានលទ្ធភាពក៏មាន សម្តេចក្រឡាហោម ស ខេង ដោយមានការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ បានសម្រេចផ្តល់ជូនមណ្ឌលសុខភាពក្របៅនូវម៉ាស៊ីនអេកូសាស្រ្តនេះ»។ លោក ស្តើង សុខុម បញ្ជាក់។

លោក ស្តើង សុខុម បានបន្តថា ពលរដ្ឋនៅឃុំក្របៅពិតជាមានសំណាងណាស់ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ដែលជាកុលបុត្រខ្មែរមួយរូបមានស្រុកកំណើតនៅទីនេះ ហើយសម្តេចមិនដែលភ្លេចពីសុខទុក្ខពលរដ្ឋនៅទឹកដីស្រុកកំណើតនោះទេ។

បើតាមលោក ស្តើង សុខុម នៅឃុំក្របៅមានសមិទ្ធផលជាច្រើន ត្រូវបានកសាងឡើងដោយសម្តេចក្រឡាហោម ស ខេង និង លោកជំទាវ មានមានផ្លូវកៅស៊ូ ផ្លូវបេតុងស្ទើរគ្រប់ភូមិ មានអគ្គិសនី មានទឹកស្អាត មានសាលារៀន វត្តអារ៉ាម មណ្ឌល សុខភាពអាចនិយាយបានថា ទីក្រុងមានអីឃុំក្របៅក៏មានដូចគ្នា។លោក ស្តើង សុខុម បន្ថែមថា ទោះបីនៅទីនេះមិនទាន់មានផ្សារទំនើបតែវាក៏អាចនឹងកើតមានដោយសារតែនៅទីនេះមានច្រក់ទ្វារអន្តរជាតិម៉ឺនជ័យមួយ ដែលគ្រោងនឹងបើកនៅពេលខាងមុខ។ តំបន់សេដ្ឋកិច្ចពិសេសមួយ ក៏ត្រូវបង្កើតឡើងនោះ ក៏ជាឱកាសសម្រាប់ពលរដ្ឋនៅទីនេះអាចទទួលបានការងារនិងប្រាក់កម្រៃពីការលក់ផលិតផលកសិកម្មរបស់ខ្លួនផងដែរ។នៅក្នុងឱកាសនោះលោកស្តើង សុខុម ក៏បានស្នើសុំគ្រូពេទ្យបម្រើការងារនៅមណ្ឌលសុខភាពក្របៅ យកចិត្តទុកដាក់បំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អដោយត្រូវគោរពចំពោះក្រមសីលធម៌វិជ្ជាជីវៈ និងបម្រើប្រជាពលរដ្ឋដោយបេះដូង។លោក ស្តើង សុខុម បានពន្យល់ថា បម្រើពលរដ្ឋដោយបេះដូង គឺមានន័យថា អ្នកជំងឺណាក៏មានការអាណិតស្រឡាញ់ហើយជួយព្យាបាលពួកគាត់ឲ្យអស់ពីលទ្ធភាពទោះមានក្តីក្រក្តី។ ជាមួយនេះត្រូវខិតខំប្រើប្រាស់ឧបករណ៍ម៉ាស៊ីនអេកូសាស្រ្តនេះ ឲ្យបានល្អជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងថែរក្សាវាឲ្យបានល្អ ព្រោះម៉ាស៊ីននេះមន្ទីរពេទ្យខ្លះមិនទាន់មានផង៕

មតិរបស់អ្នក