អាមេរិក៖ កាលពីថ្ងៃពុធមន្ទីរបញ្ចកោណបានទទួលស្គាល់ថា មានកងទ័ពសហរដ្ឋអាមេរិកប្រហែល ១ម៉ឺន ១ពាន់នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយចំនួនរាប់ពាន់នាក់ផ្សេងទៀតត្រូវបានមន្ទីរបញ្ចកោណ ប្រកាសជាសាធារណកាលពីលើកមុខ និងបានផ្ដល់រូបភាពជាក់លាក់ អំពីចំនួនកងទ័ពអាមេរិកបានឈរជើងនៅអាហ្វហ្គានីស្ថាន ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

សេចក្ដីប្រកាសនេះមិនមែនជាសញ្ញានៃការបង្កើនកងទ័ពនោះទេ ហើយការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោក ជីម ម៉ាត់ទីស រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានបង្ហាញពីការខកចិត្ត ចំពោះការរាប់ចំនួនកងទ័ពអាមេរិកនៅតាមតំបន់ដែលមានជម្លោះក្នុងប្រទេសនេះ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Dana White លើកឡើងថា នេះមិនមែនជាការបង្កើនទ័ពនោះទេ។ ផ្ទុយទៅវិញវាជាការខិតខំប្រឹងប្រែងកំណត់ឲ្យបានច្បាស់លាស់ ពីទំហំសរុបរបស់កងទ័ពសហរដ្ឋអាមេរិក។ មន្ទីរបញ្ចកោណបានបញ្ជាក់កាលពីពេលមុនថា មានកងទ័ពសហរដ្ឋអាមេរិកប្រហែល ៨៤០០នាក់នៅអាហ្វហ្គានីស្ថាន ដែលស្ថិតក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា៕

មតិរបស់អ្នក