ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យផ្អាកសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិឯកជន នៅក្បែរកោះនរា។

សកម្មភាពហ៊ុមព័ទ្ធរបងស័ង្កសីនេះ កើតឡើងនៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅលើច្រាំងទន្លេមេគង្គប្រមាណ២០០ម៉ែត្រ ដែលអ្នកភូមិប្តឹងចោទប្រកាន់ថា បានបំពានយកដោយខុសច្បាប់។

យោងតាមរបាយការណ៍ពីមន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីសាងសង់របងដែកនេះ «មិនទាន់មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញ។ ដូច្នេះក្រុមការងារសម្រេចឲ្យម្ចាស់របងផ្អាកការសាងសង់របងជាបណ្តោះអាសន្នសិន រងចាំការដោះស្រាយទំនាស់ជាមុនសិន»។

របាយការណ៍ដដែលនេះ ដែលប្រជាពលរដ្ឋផ្ញើមកអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ម្ចាស់សំណង់របងនេះ មានឈ្មោះ លឹម វុទ្ធី ជាតំណាង ហើយបានទទួលស្គាល់ចំពោះការហ៊ុមព័ទ្ធយកនេះ គឺ «ជាមាត់ទន្លេ» ដែលច្បាប់ហាមឃាត់មិនឲ្យយកជាកម្មសិទ្ធិឯកជន។

ចំណែកឯកសារដដៃទៀត បានឲ្យដឹងទៀតថា អាជ្ញាធរខណ្ឌច្បារអំពៅធ្លាប់បានហាមឃាត់ និងរុះរើបង្គោលរបងសាងសង់លើទីតាំងនេះ ដោយចាត់ទុកជាសំណង់ខុសច្បាប់បំពានយកច្រាំងទន្លេ។

នាវេលារសៀលថ្ងៃនេះ គេសង្កេតឃើញថា ភាគីអ្នកទិញ មានលោក លឹម វុទ្ធី ជាតំណាង គឺអះអាងលើឯកសារលក់-ទិញ មានត្រឹមតែហត្ថលេខា និងត្រាមេភូមិ ដែលបានស្លាប់រួចទៅហើយ។ ចំណែកចៅសង្កាត់ព្រែកឯង គឺមិនមានវត្តមានចៅសង្កាត់ព្រែកឯងឡើយ៕

មតិរបស់អ្នក