(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅថ្វាយចំពោះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានប្រោសព្រះរាជទានព្រះរាជអំណោយគ្រឿងឧបភោគ-បរិភោគ ដល់ កាកបាទក្រហមកម្ពុជា។

គ្រឿងឧបភោគ-បរិភោគ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សឆ្នាំ២០២០នេះរួមមាន៖ អង្ករ៤តោន, មី៤២កេស, ត្រីខ៤កេសធំ, ទឹកដោះគោ៣កេសធំ, ស្ករស១០០គីឡូក្រាម, ទឹកផ្លែឈើ៣០កេស និងសម្ភារផ្ទះបាយ៧ឈុត ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា ក្នុងរយៈពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ទី២៦ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលរងគ្រោះដោយទឹកជំនន់ បានសរុបចំនួន១៩,០៥៤គ្រួសារ រស់នៅភូមិចំនួន៤៦៣ ឃុំចំនួន១៦២ ស្រុកចំនួន៥៦ ក្នុងរាជធានី-ខេត្តចំនួន១៤ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការកណ្តាលចំនួន ៩,៩០០គ្រួសារ និងដោយសាខាចំនួន ៩,១៥៤គ្រួសារ)៕

មតិរបស់អ្នក