រាជធានីភ្នំពេញ ៖ ខណៈពេលតំបន់មួយចំនួននៅរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន១៩ ផ្សេងទៀត រងការជន់លិចដោយសារតែជំនន់ទឹកភ្លៀងមិនទាន់បានស្រកអស់ទាំងស្រុងក៏ដោយ ពេលនេះខ្លីខាងមុខនេះ កម្ពុជានឹងរងឥព្ធិពលព្យុះទី១៨ ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់មួយចំនួននៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា យោងការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះ វិសម្ពាធមួយ ដែលបានកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើតកៀកនឹងប្រទេសហ្វីលីពីន បានវិវត្តខ្លួនជាបន្តបន្ទាប់ទៅជា ព្យុះទី១៨ ឈ្មោះ «ម៉ូឡាវ» (MOLAVE) ដោយដើរចូលទៅភាគកណ្តាលប្រទេសហ្វីលីពីន ។

ក្រសួងបានបន្តថា តាមការព្យាករណ៍ ព្យុះនេះនឹងបង្កើនឥទ្ធិពលជាលំដាប់ នៅពេលធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន រួចចូលមកក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពលនៅពេលចូលមកដល់ប្រទេសវៀតណាម ត្រង់ម្តុំចំណុចក្វាងងៃ (Quang Ngai) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ រួចបន្តដំណើរចូលលើតំបន់ប៉ាសុងរបស់ប្រទេសឡាវ ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ ។លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ មានស្ថានភាព ដូចខាងក្រោម ៖– បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង

– បណ្តាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិននិងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើន ។ក្រសួងបានគូសបញ្ជាក់ថា «យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ » ។

ជាមួយគ្នានោះដែរ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ។យ៉ាងណាមិញ អ្នករស់នៅបុរីមួយចំនួននៅក្រុងភ្នំពេញហាក់នៅមានកង្វល់ខ្លាំង ដោយសារតែគិតត្រឹមថ្ងៃទី២៥ ខែតុលានេះ ផ្ទះរបស់ពួកគាត់ដែលរងការជន់លិចកន្លងមក មិនទាន់ស្រកទឹកអស់នៅឡើយ ។

ជាក់ស្តែង លោក មាស បូរី ដែលរស់នៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង តាមបណ្តោយផ្លូវវេងស្រេងបានបង្ហាញនូវកង្វល់ថា ផ្ទះរបស់លោក និងពលរដ្ឋមួយចំនួនទៀតមិនទាន់ស្រកទឹកអស់ផង ពេលនេះស្រាប់តែមានព្យុះថ្មីមកទៀត ធ្វើឲ្យលោកបារម្ភអំពីការជន់លិចធ្ងន់ធ្ងរដូចសប្តាហ៍មុនកើតឡើងលើតំបន់គាត់រស់នៅ ។ «ជាក់ស្តែងទឹកនៅពេញប្រៀបមុខផ្ទះ និងលិចក្នុងផ្ទះដដែលទោះបីជាអាជ្ញាធរបានបូមទឹកចេញក៏ដោយ។ ដូច្នេះបើសិនជាមានភ្លៀងមកទៀត គឺដឹងតែជន់លិចខ្លាំងទៀតហើយ» ។ នេះជាការបញ្ជាក់របស់លោក បូរី ជុំវិញការមកដល់របស់ព្យុះម៉ូឡាវ នៅសប្តាហ៍ក្រោយនេះ ៕

មតិរបស់អ្នក