រាជធានីភ្នំពេញ ៖ តម្លៃជ័រកៅស៊ូស្ងួត និងតម្លៃប្រេងដូងឆៅបន្ទាប់ពីធ្លាក់ចុះអស់រយៈពេល ជាច្រើនឆ្នាំកន្លងទៅនេះ តម្លៃនៃមុខទំនិញទាំងពីរប្រភេទនេះបានហក់ឡើងវិញជាបន្តបន្ទាប់ នៅពេលជំងឺកូវីដ-១៩ ផ្ទុះរីករាលដាលជាសកល ។យោងលោកឧកញ៉ា ម៉ុង ឬទ្ធី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ដំណឹងល្អបំផុតដែលប្រជាកសិករខ្នាតតូច មធ្យម និងខ្នាតធំជាអ្នកប្រកបមុខរបររកស៊ីលើ វិស័យកសិកម្ម កសិឧស្សាហកម្មកៅស៊ូ និងដូងប្រេងបានមកដល់ហើយ នៅពេលនេះតម្លៃ ជ័រកៅស៊ូស្ងួតបានហក់ឡើងជាបន្តបន្ទាប់វិញហើយ ។ បើតាមតម្លៃដែលលក់បាននៅថ្ងៃនេះ គឺកៅស៊ូសន្លឹក RSS3 ថ្លៃ ២.២០០ដុល្លារអាមេរិក, CSRL ថ្លៃ ១.៥៣០ដុល្លារអាមេរិក, CSR5 ថ្លៃ ១.៥០០ដុល្លារអាមេរិក, CSR10 ថ្លៃ ១.៤០០ដុល្លារអាមេរិកក្នុងមួយតោន ។ រីឯតម្លៃប្រេង ដូងឆៅ (CPO) វិញក៏ហក់ឡើវិញជាបន្តបន្ទាប់ផងដែ គឺ ៦៩០ដុល្លារអាមេរិកក្នុងមួយតោនវិញ ហើយ ។

ពាក់ព័ន្ធនឹងការហក់ឡើងវិញនូវតម្លៃជ័រកៅស៊ូស្ងួត និងតម្លៃប្រេងដូងឆៅខាងលើនេះ លោកឧកញ៉ា ម៉ុង ឬទ្ធី បានឱ្យដឹងកាលពីថ្ងៃទី ២០ខែតុលានេះថា តម្លៃជ័រកៅស៊ូស្ងួតបាន ធ្លាក់ថ្លៃមកនៅត្រឹម ១.០០០ដុល្លារអាមេរិកក្នុងមួយតោន អស់រយៈពេលជិត ១០ឆ្នាំ ហើយវា បានឡើងថ្លៃវិញបន្តិចម្តងៗរហូតដល់ថ្លៃ ២.២០០ដុល្លារអាមេរិកក្នុងមួយតោនសម្រាប់កៅស៊ូ សន្លឹក RSS3 ។លោកឧកញ៉ា ម៉ុង ឬទ្ធី មានប្រសាសន៍បន្តថា «ខ្ញុំសរសេរនេះ គឺមិនចង់ឱ្យអ្នកខ្លះកាប់ ដើមកៅស៊ូចោលទេ ។

ជូនកាលគ្នាអត់បានតាមដានព័ត៌មានដឹងពីតម្លៃជ័រកៅស៊ូ កាប់ដើម កៅស៊ូចោល ទៅដាំដើមអ្វីផ្សេងអ៊ីចឹងវាខុស ។ តម្លៃជ័រកៅស៊ូស្ងួតឡើងវិញស្រឺតៗនេះ បន្ទាប់ ពីកើតជំងឺកូវីដ-១៩ មក វាឡើងដល់ ២២០០ដុល្លារអាមេរិកក្នុងមួយតោន ។

តម្លៃជ័រកៅស៊ូនេះ បានធ្លាក់ចុះមានរយៈពេលប្រមាណជិត ១០ឆ្នាំហើយ» ។ លោកឧកញ៉ា លើកឡើងថា សម្រា ប់តម្លៃប្រេងដូងឆៅ ឡើងថ្លៃវិញដោយសារបញ្ហា មានទឹកជំនន់ ខ្វះកម្លាំងពលកម្មក្នុងការប្រ មូលផលផង ជាហេតុធ្វើឱ្យតម្លៃវាឡើងថ្លៃវិញ ។ កាលពីមុនតម្លៃធ្លាក់ចុះមកត្រឹម ៤៧០ ឬ ៤៨០ដុល្លារអាមេរិកក្នុងមួយតោន ។លោកឧកញ៉ាសង្កត់ធ្ងន់ថា « កាលពីឆ្នាំ ២០០០ តម្លៃប្រេងដូងឆៅមួយតោនថ្លៃ ១.១០០ ដុល្លារអាមេរិក តែក្រោយមកវាធ្លាក់ថ្លៃមកនៅត្រឹម ៤៧០ ឬ ៤៨០ដុល្លារអាមេរិកក្នុងមួយតោន ។តែចាប់ពីកើតជំងឺកូវីដ-១៩ មកតម្លៃឡើងរហូតដល់ ៦៩០ដុល្លារអាមេរិកក្នុងមួយតោន ។ តម្លៃជ័រកៅស៊ូស្ងួត និងតម្លៃប្រេងដូងឆៅបានឡើងថ្លៃមកវិញនេះ វាមិនងាយចុះថ្លៃវិញទេ ដោយសារតម្រូវការ និងការប្រើប្រាស់វាមានច្រើន» ។

ទាក់ទងនិងការដាំដុះកៅស៊ូនៅពេលបច្ចុប្បន្នបើតាមលោកឧកញ៉ាឱ្យដឹងថា ការដាំ កៅស៊ូនៅពេលនេះ វាពិបាក ។ បើនិយាយពីអ្នកថែទាំដើមកៅស៊ូចាស់ បោះបង់ចោលមិន ដាក់ជី ។

កៅស៊ូនៅពេលសព្វថ្ងៃមានជាង ៤០ម៉ឺនហិកតា ហើយប្រមូលផលបានប្រហែល ៥០% ទេ អ៊ីចឹងបើប្រមូលផលឱ្យអស់តែដើមកៅស៊ូនេះក៏បានលុយច្រើនដែរ មិនជាបញ្ហាទេ តែអ្វីដែលជាបញ្ហា គឺខ្វះកម្លាំងពលកម្ម ៕

មតិរបស់អ្នក