ពោធិ៍សាត់៖ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយា ឯកឧត្តម ហ៊ុន ម៉ានិត បានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧។

លោកជំទាវ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋជានិច្ចគ្រប់ទីកន្លែង។
ការពិនិត្យជំងឺដោយឥតគិតថ្លៃនាពេលនេះ រួមមាន៖ ពិនិត្យជំងឺទូទៅ, ពិនិត្យរោគស្ត្រី, វះកាត់តូច, ឆ្លុះអេកូសាស្ត្រ, ពិនិត្យធ្មេញ, ផ្តល់វ៉ែនតាសម្រាប់លោកតា លោកយាយចំនួន៣០០នាក់ និងមានរៀបចំអាហារសម្រន់រួមគ្នាមួយពេលព្រមទាំងមានភេសជ្ជៈផ្សេងៗ ប្រកបដោយក្តីសប្បាយរីករាយ និងភាពស្និតស្នាលបំផុត។

នៅក្នុងឱកាសនោះក្រុមការងារ បានផ្តល់ជូនរទេះរុញចំនួន០៤គ្រឿងដល់ជនពិការ និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សផងដែរ។
សកម្មភាពខាងលើនេះ មានការអមដំណើរដោយឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារជាច្រើននាក់ទៀត។
គួរបញ្ជាក់ថា ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានធ្វើសកម្មភាពមនុស្សធម៌បែបនេះ ជូនប្រជាពលរដ្ឋជាច្រើនកន្លែង នៅតាមបណ្តាខេត្ត និងនៅតាមតំបន់ដាច់ស្រយាលនានា។

ប្រជាពលរដ្ឋ ដែលបានមកទទួលការពិនិត្យ និងព្យាបាលជំងឺ នៅពេលនេះសុទ្ធតែបានបង្ហាញនូវភាពរីករាយ ចំពោះក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដែលបានចុះ ពិនិត្យ ព្យាបាលជំងឺជូនពួកគាត់ ជាការចូលរួមកាត់បន្ថយការចំណាយរបស់ពួកគាត់បានមួយចំនួនធំ។
សូមជម្រាបថា តាមរយៈសកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាសុខាភិបាល បង្ខិតឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីសម្រាលទុក្ខលំបាកដល់ពួកគាត់ប្រចាំថ្ងៃ៕

មតិរបស់អ្នក