សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា«ព្រីនស៍ម៉ាណ័រ»
ស្រុកកៀនស្វាយ ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោសស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ»ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ខលឈ័រអេន ធួរីហ្សឹមឌីវេឡុបម៉ិន ឯ.ក»ដោយគ្របដណ្តប់លើផ្ទៃដីទំហំជាង ១៣ហិកតាជាមួយគម្របរុក្ខជាតិបៃតងចំនួន៨៨ភាគរយ។

មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយ បន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែម្តង៕

 

មតិរបស់អ្នក